(ពោធិ៍សាត់)៖ រដ្ឋបាលស្រុកវាលវែង បានសហការជាមួយសមាគមសម្ព័ន្ធដំឡូងមី កម្ពុជា-ចិន មានអ្នកជំនាញបច្ចេកទេសចិន និងខ្មែរផងនោះ បានធ្វើបទបង្ហាញផ្សព្វផ្សាយស្តីពីបច្ចេកទេសដាំដុះដំឡូងមីតាមបែបវិទ្យាសាស្រ្ត ដល់ប្រជាកសិករនៅឃុំអន្លង់រាប ដែលមានអ្នកចូលរួមចំនួន ២០០គ្រួសារ។
នាឱកាសនោះ លោក ធាង ឡេង អភិបាលស្រុកវាលវែង បានឲ្យដឹងថា សកម្មភាពផ្សព្វផ្សាយនេះ បានធ្វើឡើងក្រោមការយកចិត្តទុកដាក់របស់រដ្ឋបាលស្រុកវាលវែង ក្នុងការជំរុញប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យធ្វើការងារបង្កបង្កើនផលលើការដាំដុះឲ្យទទួលបានផលជាអតិបរមា ទាំងបរិមាណ និងគុណភាព ជាពិសេសផ្តោតលើដំណាំដំឡូងមីជាដំណាំកសិឧស្សាហកម្ម ស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោក វុង ជាវ ប្រធាន សមាគមសម្ព័ន្ធដំឡូងមី កម្ពុជា-ចិន បានលើកឡើងថា ក្នុងនាមសមាគម លោកមានក្តីរីករាយដោយមានការយកចិត្តទុកដាក់របស់អាជ្ញាធរភូមិឃុំស្រុក ជាមួយផ្នែកកសិកម្មក្នុងតំបន់ ពិសេសអាជ្ញាធរមានការគាំទ្រដល់ប្រជាពលរដ្ឋឲ្យមានការដាំដុះ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។
លោកបន្តទៀតថា សមាគមនេះ មានការចុះបញ្ជី និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ធ្វើសកម្មភាពរបស់ខ្លួនមិនរកប្រាក់ចំណេញពីប្រជាកសិករនោះទេ ហើយសមាគមនឹងខិតខំប្រឹងប្រែងកៀរគរវិនិយោគ បណ្តុះបណ្តាលដល់កសិករនូវបច្ចេកទេសកសិកម្មបែបវិទ្យាសាស្ត្រទំនើប ដល់ការដាំដុះធានាឲ្យទទួលបាននូវទិន្នផលខ្ពស់ និងខិតខំស្វែងរកទីផ្សារនាំចេញជូនកសិករក្នុងតម្លៃសមរម្យ ព្រោះកន្លងមកកសិករ ប្រមូលផលបានច្រើនប៉ុន្តែចំណាយច្រើន ដូច្នេះប្រាក់ចំណេញទទួលបានតិចតួច ដោយការដាំដុះធ្វើតាមទម្លាប់មិនមានបច្ចេកទេសត្រឹមត្រូវ។
យោងតាមរបាយការណ៍របស់លោក លៀង បៀ មេឃុំអន្លង់រាប នៅក្នុងឃុំអន្លង់មានប្រជាពលរដ្ឋ ដាំដំឡូងមីសរុបជាង ១២,០០០ហិកតា ស្មើនឹង ៦០%លើផ្ទៃដាំដុះសរុប។
សូមជម្រាបថា នៅក្នុងពិធីផ្សព្វផ្សាយស្តីពីបច្ចេកទេសដាំដុះតាមបែបវិទ្យាស្រ្ត ដែលរៀបចំដោយសមាគមសម្ព័ន្ធដំឡូងមី កម្ពុជា-ចិន ក៏មានការចូលរួមពីបណ្តាលក្រុមហ៊ុនធំៗក្រុមហ៊ុនដ្រូនបាញ់ថ្នាំ DJI, ក្រុមហ៊ុនត្រាក់ទ័រ John Deer ក្រុមហ៊ុនត្រាក់ទ័រ LOVOL និង ក្រុមហ៊ុន Lucky Elephant និងបានដាក់តាំងឧបករណ៍ទំនើបៗ សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មផងដែរ៕