(សៀមរាប)៖ ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មសាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។
ជាក់ស្តែង នៅថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយាន ដ្ឋានអន្តរជាតិសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារចារឈូក និងនៅតាមផ្ទះ ស្ថិតក្នុងឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ។
បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួនដែលកំពុងដាក់តាំងលក់នៅតាមបណ្តាតូប មួយចំនួន រួមមាន ស្ពៃជ្រក់ សរសៃគុយទាវ និង សណ្តែកបណ្តុះ រួចមកជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ដូចជា Salicylic Acid ,Borax និង Sodium Hydrosulfite (ម្សៅស) នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។
ដោយឡែកចំពោះការពិនិត្យ មើលលើផលិតផលកំប៉ុង និងដប និងផលិតផលវិចខ្ចប់រួច ដែលកំពុងដាក់តាំងលក់នៅតាមផ្ទះមួយចំនួនស្ថិតក្នុងឃុំចារឈូក ស្រុកអង្គរជុំរួចមក លទ្ធផល ពិនិត្យឃើញមានផលិតផលមួយចំនួនប្រែប្រួលខូចគុណភាព ច្រែះសុី ហួសកាលបរិេច្ឆទ ប្រើប្រាស់ ហើយត្រូវបានសាខាកាំកុងត្រូលខេត្ត សៀម រាប ធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៏កំទេចចោលនៅពេលក្រោយ ។ ផលិតផលខូចគុណភាពដែលបានដកហូតរួមមាន ៖
_ ទឹកក្រូចដបជ័រដបធំផលិតនៅប្រទេសថៃ ចំណុះ 1,25 លីត្រចំនួន 89ដប ។
_ ទឹកក្រូចដបជ័រ ផលិតនៅប្រទេសថៃ ចំណុះ 0.40លីត្រ ចំនួន12ដប ។
_ប្រេងខ្យង ផលិតនៅប្រទេសថៃ ចំណុះ0.60លីត្រ ចំនួន23ដប ។
_ ទឹកដោះគោខាប់ ម៉ាក My Boy ចំណុះ380g ផលិតនៅប្រទេសថៃ ចំនួន21កំប៉ុង ។
_ ផ្សឹត និងស្ពៃកំប៉ុង ផលិតនៅប្រទេសចិន ចំនួន33កំប៉ុង ។
ទន្ទឹមនោះក្រុមការងារ ក៏បានទិញយកគំរូនៃផលិតផលម្ហូបអាហារ មួយចំនួនដែលមានដូចជា ស្លឹកគ្រៃហាន់រួច ស្ករត្នោត សាច់ជ្រូក សាច់គោ ថ្លើមជ្រូក ថ្លើមគោ បញ្ជូនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីវិភាគរកវត្តមានសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំព្យាបាលសត្វជាបន្តទៀត។
ឆ្លៀតឳកាសនោះដែរ ក្រុមកាងារក៏ បាន ចែកផ្សាយនូវ រូបភាព Poster និង ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ ។ ក្រុមការងារក៏បានថ្លែងសរសើរ និងអរគុណដល់បងប្អូនអាជីវករមួយចំនួន ដែលបានធ្វើកិច្ចសហការល្អ និងដោយរីករាយ ជាមួយក្រុមការងារ និងបានយល់ដឹងយ៉ាងច្បាស់ អំពីផលប៉ះពាល់បណ្តាលមកពីផលិតផល ខូចគុណភាព ដោយបានស្ម័គ្រចិត្តផ្តល់ដល់ក្រុមការងារ នូវផលិតផលខូចគុណភាពទាំងអស់នោះ៕