(ពោធិ៍សាត់)៖ ស្ត្រីវ័យក្មេង៣នាក់ ជិះម៉ូតូឌុបគ្នាដូចហោះ ទប់ស្មារតីមិនបាន ទៅបុកគូថរថយន្ត HYUNDAI ដែលកំពុងតែបត់ពីត្បូងទៅជើង បណ្តាលឲ្យរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។
ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ១៥៤ និង១៥៥ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះថា ស្ត្រីវ័យក្មេងទាំង៣នាក់ ដែលជិះម៉ូតូឌុបគ្នាទៅបុកគូថរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់នោះ មានឈ្មោះ ១-ស៊ុយ ណូ អាយុ ១៧ឆ្នាំ រស់នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ជាអ្នកបើកម៉ូតូ) ២-ឡាច ម៉ុន អាយុ ២៣ឆ្នាំ រស់នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ជាអ្នករួមដំណើរ) និង ម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ (ជាអ្នករួមដំណើរ)។
លោកអធិការបានបន្តថា មុនពេលកើតហេតុ គេឃើញមានស្ត្រីវ័យក្មេង៣នាក់ជិះម៉ូតូឌុបគ្នា ម៉ាកHonda Dream c125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 1E-1633 ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ទប់ស្មារតីមិនបាន ក៏ទៅបុកគូថចំហៀងខាងឆ្វេងរថយន្ត ម៉ាកHYUNDAI ព័ណ៌ទឹកប្រាក់ ពាក់ផ្លាកលេខសៀមរាប 3A-0113 ធ្វើដំណើរស្របទិសគ្នា ដែលកំពង់តែបត់ឆ្លងថ្នល់ ពីត្បូងទៅជើង បណ្តាលខូចខាតម៉ូតូយ៉ាងដំណំ និងរងរបួសធ្ងន់៣នាក់។
បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការស្រុកក្រគរ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕