(ពោធិ៍សាត់)៖ ផ្ទះមួយខ្នង ជាអំណោយដ៏ថ្លៃថ្លា របស់លោក ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ តាមរយៈលោក លៀង ពេជ្រ សមាជិកក្រុមប្រឹក្សាខេត្ត ត្រូវបានសាងសង់ឡើងវិញ និងប្រគល់ជូន លោកស្រី អំ ខូ ភេទស្រី អាយុ៦៤ឆ្នាំ ដែលជាស្ត្រីមេម៉ាយ មានជីវភាពក្រីក្រខ្វះខាតខ្លាំង ក្រោយទទួលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះទាំងស្រុង កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ពិធីសំណេះសំណាល និងប្រគល់ផ្ទះខាងលើនេះ ធ្វើឡើងនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព លោក ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមួយចំនួនទៀត។
លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀង បានឱ្យដឹងថា នាវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ មានករណីអគ្គីភ័យលេបត្របាក់ ផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងស្រុង ដែលមានទំហំ៧ម៉ែត្រx៦ម៉ែត្រ ប្រក់សង្គសី ជញ្ជាំងក្តា ជាកម្មសិទ្ធិរបស់ឈ្មោះ អំ ខូ ភេទស្រី អាយុ៦៤ឆ្នាំ ជាស្ត្រីមេម៉ាយ ចិញ្ចឹមចៅ និងកូនក្នុងបន្ទុក៣គ្រួសារ។ សម្ភារៈដែលឆាបឆេះ មានអង្ករ១០០គីឡូក្រាម, កង់៣គ្រឿង, ម៉ាស៊ីនបូមទឹក១គ្រឿង, ទូដាក់ខោអាវ២, ប្លង់ដី២សន្លឹក, សំបុត្រកំណើត១២សន្លឹក, សៀវភៅគ្រួសារ២ក្បាល, ថវិកាចំនួន១លានរៀល និងសម្ភារៈមួយចំនួនទៀត។
លោកអភិបាលស្រុកបន្តថា ក្រោយពិនិត្យឃើញពីតម្រូវការ និងបញ្ហាប្រឈមជាក់ស្តែង, លោក ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ បានចាត់ឱ្យលោក លៀង ពេជ្រ សមាជិកក្រុមប្រឹក្សាខេត្ត សាងសង់ផ្ទះមួយខ្នង ជូនស្ត្រីមេម៉ាយនោះឡើងវិញ ដោយដំណើរការសាងសង់ចាប់ផ្តើមពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងទំហំផ្ទះ ៨ម៉ែត្រx៤,៥ម៉ែត្រ ដំបូលប្រក់ស័ង្គសី ជញ្ជាំងស្មាតប៊ត ដែលចំណាយថវិកាអស់២,១០០ដុល្លារ នឹងត្រូវធ្វើពិធីប្រគល់ជាផ្លូវការ នាថ្ងៃនេះ។
លោក ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ និងបានចូលរួមត្រេកអរ ចំពោះលោកស្រី អំ ខូ ដែលទទួលបានទីជម្រកថ្មីដ៏សែនកក់ក្ដៅ សម្រាប់ជ្រកកោន ជាម្លប់ដ៏កក់ក្តៅតរៀងទៅ។
ក្នុងឱកាសនោះ លោក ម៉ក់ រ៉ា ក៏បានផ្សព្វផ្សាយ និងពន្យល់ឱ្យជាក់ច្បាប់ អំពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) គឺគ្មានអ្វីក្រៅពីការតភ្ជាប់សេដ្ឋកិច្ច ការបង្កើននូវសកម្មភាពពាណិជ្ជកម្មដែលអភិវឌ្ឍតំបន់មួយដែលដាច់ស្រយាលឲ្យទៅជាតំបន់មួយដែលមានភាពរីកចម្រើន មានការតភ្ជាប់ មានហេដ្ឋារចនាសម្ព័ន្ធ មានប្រជាជនរស់នៅសុខសប្បាយ សុខដុមរមនានៅក្នុងភូមិឃុំរបស់ខ្លួន។ ហើយយើងក៏មិនបាត់បង់ដី មិនបាត់បង់អធិបតេយ្យរបស់យើង ប្រទេសនីមួយៗអនុវត្តច្បាប់នៅក្នុងស្រុករបស់ខ្លួន។
លោក ម៉ក់ រ៉ា បានក្រើនរម្លឹកដល់លោកស្រី អំ ខូ និងអ៊ុំ ពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាពខ្លួនជាប់ជាប្រចាំ ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាព ដែលនៅជិតបំផុត និងត្រូវធ្វើអនាម័យបរិស្ថាននៅជុំវិញលំនៅដ្ឋាន ដើម្បីបំបាត់ទីជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម មកលើកុមារ ក៏ដូចមនុស្សគ្រប់វ័យផងដែរ។
ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ លោក ម៉ក់ រ៉ា ព្រមទាំងប្រតិភូអមដំណើរ ក៏បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន៖ អង្ករ១០០គីឡូក្រាម, មី៥កេស និងថវិកា៤០ម៉ឺនរៀល។ ដោយឡែកជនចាស់ជរា និងគ្រួសារក្រីក្រ មកពីភូមិផ្លូវលួង ឃុំកញ្ជរ ចំនួន២០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទទួលបាន អង្ករ២០គីឡូក្រាម, មី១កេស និងថវិកា២ម៉ឺនរៀល៕