(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានដាក់ចេញការណែនាំដល់ក្រសួងសំខាន់ៗចំនួន២ គឺក្រសួងអប់រំ យុវជន និងកីឡា រួមនឹងក្រសួងធម្មការនិងសាសនាបញ្ជ្រាបការអប់រំទាំងផ្លូវលោកនិងផ្លូវធម៌ដល់កុមារ និងយុវជនឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ មនុស្សវ័យចាស់ និងដឹងគុណចំពោះពួកគាត់ ដើម្បីជួយឱ្យសង្គមជាតិពោរពេញដោយសុជីវធម៌ សីលធម៌ និងមនុស្សធម៌។ នេះបើតាមរយៈសារាចរស្ដីពីការរៀបចំទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។

តាមរយៈសារាចរស្ដីពីការរៀបចំទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិនេះ រាជរដ្ឋាភិបាលបានផ្ដល់ការណែនាំ១៣ចំណុចសំខាន់ៗ ក្នុងនោះនៅចំណុចទី៩ រាជរដ្ឋាភិបាលបានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡាត្រូវធ្វើសេចក្តីណែនាំដល់គ្រប់សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ជំរុញចលនាសិស្ស-និស្សិតឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ និងឱ្យយល់ដឹងអំពីការប្រែប្រួលរបស់មនុស្សវ័យចាស់ ព្រមទាំងបង្កើតកម្មវិធីក្រៅម៉ោងសិក្សាចុះសួរសុខទុក្ខមនុស្សវ័យចាស់ ជាពិសេសជួយបំពេញការងារជាឧត្តមប្រយោជន៍ជូនមនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង នៅក្នុងមូលដ្ឋានស្ថិតនៅជិតកន្លែងសិក្សារបស់ខ្លួន។

នៅក្នុងចំណុចទី១០ រាជរដ្ឋាភិបាលបានណែនាំដល់ក្រសួងធម្មការនិងសាសនាត្រូវធ្វើការណែនាំចលនានៅតាមវត្តអារាម វិហារសាសនាទូទាំងប្រទេស តាមរយៈបព្វជិតសាសនា ដៃគូអភិវឌ្ឍ សប្បុរសជននានា និងមូលនិធិផ្សេងទៀត ដើម្បីឱ្យមានសកម្មភាពជួយឧបត្ថម្ភគាំទ្រពីប្រជាជនដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ ដើម្បីឱ្យអ្នកទាំងនោះអាចស្នាក់នៅសមរម្យ មានអាហារទទួលទាន អាចសម្រាន្តលក់ស្ងប់អារម្មណ៍ តាំងសមាធិ និងសមាទានសីល ព្រមទាំងទទួលបានសេវាថែទាំផ្សេងៗទៀតជាបន្តបន្ទាប់។

ការគិតគូរយកចិត្តទុកដាក់អនុវត្តកិច្ចការខាងលើនេះ នឹងរួមចំណែកជួយឱ្យសង្គមជាតិកម្ពុជាកាន់តែប្រកបដោយសុជីវធម៌ សីលធម៌ និងមនុស្សធម៌ ដែលជាកត្តាជួយពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ ពង្រឹងសុខុមាលភាពសាធារណៈផងដែរ៕