(ភ្នំពេញ)៖ គំនិតផ្តួចផ្តើមបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កំពុងទទួលបានការគាំទ្រ និងចូលរួមយ៉ាងផុសផុលពីសំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សង្គមស៊ីវិល វិស័យឯកជន អ្នកប្រើប្រាស់បណ្តាញសង្គម និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានប្រកាសដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ចំនឹងខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ដោយលើកឡើងថា ការប្រកាសបង្កើតមូលនិធិពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានេះ បានបញ្ជាក់យ៉ាងច្បាស់អំពីអធិបតេយ្យភាពពេញលេញ និងមិនអាចរំលោភបានរបស់ប្រទេសកម្ពុជា និងការបើកចំហរទូលាយឱ្យប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកស្នេហាជាតិទាំងអស់ចូលរួមនៅក្នុងការកសាងខឿនការពារជាតិយ៉ាងរឹងមាំគឺ ហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់បណ្ដោយព្រំដែនកម្ពុជា ជាមួយនឹងប្រទេសជិតខាង។
នៅលើគណនីហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបង្ហោះសេចក្តីជូនដំណឹងអំពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅថ្ងៃទី២៦ ខែសីហានេះ មានអ្នកចែករំលែកយ៉ាងច្រើនអនេក។ ពលរដ្ឋជាច្រើន បានចូល Comment សម្តែងមតិគាំទ្រជាមួយគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ព្រមទាំងបានបរិច្ចាគថវិការបស់ពួកគាត់តាមរយៈ គណនីធនាគារនៅក្នុងសេចក្តីជូនដំណឹងនោះផងដែរ។
គណនី Chakra Sihak ដែលចូលសម្តែងមតិគាំទ្រ បានសរសេរថា៖ «ខ្ញុំ និងក្រុមគ្រួសារបានចូលរួម 20000៛ តាមរយៈធនាគាអេសុីលីដា ចុះបងប្អូនវិញ?»
ចំណែកគណនី Toch Sokong ក៏បានគាំទ្រដែរ បានសរសេរថា៖ ខ្ញុំបាទ សូមគាំទ្រ និង ចូលរួមបរិច្ចាគថវិកា សម្រាប់គម្រោង រួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនរបស់យើង តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។
មិនតែប៉ុណ្ណោះ គណនីហ្វេសប៊ុក ឈ្មោះ PA Akdam បានសរសេរថា៖ «ខ្ញុំបាទសូមគាំទ្រ និង ចូលរួមបរិច្ចាគថវិកា សម្រាប់គម្រោងដ៏មានសារៈសំខាន់ជាប្រយោជន៍ជាតិ ដែលជាគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់សម្តេច»។
គណនីហ្វេសប៊ុក ឈ្មោះ Kun Sombor បានគាំទ្រ និងសរសេរថា៖ «ដោយសេចក្តីគោរពបំផុត សម្តេច 🙏❤️🇰🇭( ខ្ញុំបាទ សូមចូលរួម ៥០ម៉ឺន រៀល )»។
បន្ថែមពីនេះ គណនីឈ្មោះ Nai Nai ក៏បានសរសេរដែរថា៖ រីករាយណាស់សម្តេច🩷នេះគឺជាគំនិតនិងជាការចង់បានរបស់ខ្ញុំយូមកហើយ ដែលចង់បានផ្លូវស្អាតដែរអាចជិ:ទស្សនាបែបដំណើរកំសាន្តនានា ខ្ញុំសូមចូលរួមដោយភាពពេញចិត្តសម្រាប់គំនិតនៃការសាងសងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនរបស់កម្ពុជា 🙏🏻
គណនីមួយទៀតឈ្មោះ Keo RithyPong បានសរសេរថា៖ ក្នុងនាមខ្ញុំជាប្រជាជន កម្ពុជាមួយរូប ខ្ញុំសូមគាំទ្រ ក្នុងការចូលមូលនិធិក ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដេីម្បីចូលរួមអភិវឌ្ឍក៏ដូចជា ការការពារបូរណភាពទឹកដី នៃ ជាតិរបស់យេីង ទាំងអស់គ្នា 🙏🏼🇰🇭
ចំណែកគណនីមួយឈ្មោះ ជ័យ ម៉ូលី បានសរសេរថា៖ «សម្ដេចធ្វើត្រូវហើយយើងផ្ដោតទៅលើការអភិវឌ្ឍន៍នៅជាយដែនឲ្យខ្លាំងបំផុត ត្រូវធ្វើមន្ទីពេទ្យ សាលារៀន ដើម្បីកសាងធនធានមនុស្ស I Love You 😍❤️😍❤️»។
ក្រៅពីបណ្តាញសង្គម នៅតាមប្រព័ន្ធផ្សព្វផ្សាយឯនោះវិញ ជាពិសេសលើបណ្តាញព័ត៌មាន Fresh News ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជនជាច្រើន បានប្រកាសចូលរួមវិភាគទានជាបន្តបន្ទាប់។ ក្រុមហ៊ុន ជីបម៉ុង បានចូលវិភាគទានមុនគេ រហូតដល់ ១លានដុល្លារ, អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគ១លានដុល្លារ, លោកអ្នកឧកញ៉ា ទ្រី ភាព ១លាន២សែនដុល្លារ។ ចំណែកឧកញ៉ា ក្រុមហ៊ុនឯកជនផ្សេងៗទៀត បានចូលរួមវិភាគទានជាហូរហែផងដែរ៕