(ភ្នំពេញ)៖ តាមរយៈសារាចរស្ដីពីការរៀបចំទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដាក់ចេញការណែនាំចំនួន១៣ចំណុចសំខាន់ៗ ក្នុងនោះក៏បានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិបន្តផ្ដល់កិច្ចរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់នៅទូទាំងប្រទេសបន្ថែមទៀត ដើម្បីបង្កើនការយកចិត្តទុកដាក់ចំពោះមនុស្សចាស់នៅតាមសហគមន៍មូលដ្ឋាន។
ក្នុងសារាចរដដែលនោះ រាជរដ្ឋាភិបាលបានចាត់ទុកទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ជាទិវាបុណ្យរំឭកដល់គុណូបការរបស់មនុស្សវ័យចំណាស់កម្ពុជា បុព្វការីជន ជីដូនជីតា ឪពុកម្ដាយ អ៊ំ ពូមីង ដែលបានកសាងនិងបន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះនិងជំនាន់ក្រោយៗទៀត។
ដើម្បីរៀបចំទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ឱ្យបានទូលំទូលាយនិងផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាគ្រប់វ័យបានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ រាជរដ្ឋាភិបាលបានផ្ដល់ការណែនាំ១៣ចំណុចសំខាន់ៗ ក្នុងនោះនៅក្នុងចំណុចទី៤ រាជរដ្ឋាភិបាលបានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិបន្តផ្ដល់កិច្ចរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀតនៅតាមសហគមន៍មូលដ្ឋានឱ្យបានទូទាំងប្រទេស ស្របតាមផែនការដែលបានកំណត់ ដោយឈរលើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចំណាស់ទូទៅ ជាពិសេសយកចិត្តទុកដាក់ជួយមនុស្សវ័យចំណាស់ ជនចាស់ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។
ក្នុងចំណុចទី៤នៃការណែនាំនេះដែរ រាជរដ្ឋាភិបាលក៏បានអំពាវនាវដល់ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា សូមបន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍសមាគមមនុស្សចាស់ដែលមានស្រាប់៕