(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានប្ដេជ្ញាថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សមាគមសហព័ន្ធវេជ្ជសាស្រ្ត ឱសថសាស្រ្ត និងទន្តសាស្រ្តកម្ពុជា និងសមាគមអ្នកលក់ឱសថកម្ពុជា នឹងបន្តពង្រឹងវឌ្ឍនភាពក្នុងវិស័យសុខាភិបាលឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីបង្កើតសមិទ្ធផលថ្មីៗ ជាពិសេសការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា ឱ្យកាន់តែប្រសើរឡើងជាលំដាប់។
ការប្ដេជ្ញានេះធ្វើឡើងក្នុងពិធីប្រគល់-ទទួលសញ្ញាបត្របណ្ឌិតទស្សនវិជ្ជានេះធ្វើឡើងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យបណ្ឌិត ស័ក្តិ ប្រាសានឌី អធិការបតីនៃសាកលវិទ្យាល័យអន្តរជាតិពោធិសាស្ត្រា រដ្ឋហ្វ្លរីដា សហរដ្ឋអាម៉េរិក (BODHISASTRA UNIVERCITY FLORIDA, USA.)។
លោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព បានលើកឡើងថា សុខភាពសាធារណៈ (Public Health) គឺជាវិទ្យាសាស្រ្ត និងសិល្បៈនៃការការពារជំងឺ ការពន្យារអាយុជីវិត និងការលើកកម្ពស់សុខភាព តាមរយៈកិច្ចខិតខំប្រឹងប្រែងដែលបានរៀបចំ និងការជ្រើសរើសព័ត៌មានរបស់សង្គម អង្គការ សាធារណៈនិងឯកជន សហគមន៍ និងបុគ្គល។ សុខភាពរបស់ប្រជាជន និងការគំរាមកំហែងដែលប្រឈមមុខ គឺជាមូលដ្ឋានសម្រាប់សុខភាពសាធារណៈ។ ក្នុងករណីជំងឺរាតត្បាត វាអាចគ្របដណ្តប់ទ្វីបជាច្រើន។ គោលគំនិតនៃសុខភាព ត្រូវគិតពីសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត និងសង្គម ក្នុងចំណោមកត្តាផ្សេងៗទៀត។ លោកសាស្ត្រាចារ្យបណ្ឌិតបានបន្តថា ផាសុកភាព (Wellness Service) គឺជាភាពទទួលសុខភាពផ្លូវកាយ ផ្លូវចិត្ត និងភាពសុខដុមក្នុងការរស់នៅក្នុងសង្គម (យោងតាម WHO)។ ផាសុកភាព ថ្នាក់ពាក្យជានាមសព្ទ មានន័យថា គ្រឿងនាំឱ្យសុខស្រួល ស្រួលខ្លួន (ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត)។
តាមរយៈកិច្ចខិតខំជាច្រើន សមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងសមាគមអ្នកលក់ឱសថកម្ពុជា បានចូលរួមសហការបើកវគ្គបណ្ដុះបណ្ដាលជំនាញមួយចំនួន៖
១. ជំនាញមូលដ្ឋានសម្រាប់អ្នកលក់ឱសថតាមឱសថស្ថាន សរុបចំនួន២,៨៨០នាក់ (ស្រី ១,៧៨៧នាក់)
២. ជំនាញវគ្គបំប៉នស្ដីពីការគ្រប់គ្រងឱសថ សរុបចំនួន៦១នាក់ (ស្រី ៣៧នាក់)
៣. ជំនាញគោលការណ៍អនុវត្តន៍ល្អក្នុងឱសថស្ថាន សរុបចំនួន១៥២នាក់ (ស្រី ៧១នាក់)
៤. ជំនាញផាសុកភាព សរុបចំនួន១៧៣នាក់ (ស្រី ៩១នាក់)
៥. ជំនាញការថែទាំសុខភាព សរុបចំនួន៦៤២នាក់ (ស្រី ៣៥៦នាក់)
៦. ជំនាញការថែទាំសុខភាពបន្តពូជ សរុបចំនួន២៧៥នាក់ (ស្រី ១៧៨នាក់)
៧. ជំនាញគ្រូបង្គោលការថែទាំភ្នែក សរុបចំនួន៩៨នាក់ (ស្រី ៤៦នាក់)
៨. ជំនាញការថែទាំភ្នែក សរុបចំនួន២៧៣នាក់ (ស្រី ១៨០នាក់)
៩. ជំនាញការគ្រប់គ្រងធនធានមនុស្ស សរុបចំនួន ៩,៦៤៣នាក់ (ស្រី ៣,៤១៥នាក់)
១០. ជំនាញសុវត្ថិភាពម្ហូបអាហារ សរុបចំនួន៨៩៣នាក់ (ស្រី ៣១៥នាក់)។
លោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព បានប្ដេជ្ញាថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សមាគមសហព័ន្ធវេជ្ជសាស្រ្ត ឱសថសាស្រ្ត និងទន្តសាស្រ្តកម្ពុជា និងសមាគមអ្នកលក់ឱសថកម្ពុជា នឹងបន្តពង្រឹងវឌ្ឍនភាពក្នុងវិស័យសុខាភិបាលឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីបង្កើតសមិទ្ធផលថ្មីៗ ជាពិសេសការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើងជាលំដាប់ ព្រមទាំងការពង្រឹងភាពធន់ និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទី១ «ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល» របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីប្រជាជនគ្រប់រូបមានសុខភាពនិងសុខុមាលភាពល្អ សំដៅចូលរួមអភិវឌ្ឍមូលធនមនុស្ស និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
លោកសាស្ត្រាចារ្យបណ្ឌិត ស័ក្តិ ប្រាសានឌី អធិការបតីនៃសាកលវិទ្យាល័យអន្តរជាតិពោធិសាស្ត្រា រដ្ឋហ្វ្លរីដា សហរដ្ឋអាម៉េរិក បានកោតសរសើរចំពោះលោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព ដែលបានខិតខំបំពេញការងារក្នុងវិស័យសុខាភិបាលយ៉ាងច្រើនកន្លងមក ហើយបានចាត់ទុកលោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព ជាបុគ្គលទី២នៅលើពិភពលោកដែលទទួលបានជ័យលាភីសញ្ញាបត្របណ្ឌិតទស្សនវិជ្ជា ផ្នែកវិទ្យាសាស្ត្រសុខភាពសារធារណៈ និងផាសុកភាពនេះ។
គួរជម្រាបថា ការទទួលជ័យលាភីសញ្ញាបត្របណ្ឌិតទស្សនវិជ្ជា ផ្នែកវិទ្យាសាស្ត្រសុខភាពសារធារណៈ និងផាសុកភាពនេះ ជាសក្ខីភាពនៃការខិតខំបំពេញស្នាដៃ និងសមិទ្ធផលជាច្រើនរបស់លោក និងសហការី ពិសេសក្រុមប្រឹក្សាភិបាលសមាគម គណៈកម្មការប្រតិបត្តិសមាគម និងសមាគមវិស័យនានាចំណុះសមាគមសហព័ន្ធវិនិយោគិនកម្ពុជា សមាគមសហព័ន្ធវេជ្ជសាស្រ្ត ឱសថសាស្រ្ត និងទន្តសាស្រ្តកម្ពុជា សមាគមអ្នកលក់ឱសថកម្ពុជា និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕