(សៀមរាប)៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ លោក ខាតូ ខូដៃ(KATO KOUDAI) ប្រធានក្រុមហ៊ុនផលិតសូឡា Prometex តាមរយ:លោក ហ្កុតូ យូតាក់ (GOTO YUTA) បាននាំយកផ្ទាំងសូឡាចំនួន ១២ផ្ទាំង ម៉ាស៊ីនត្រជាក់ ១គ្រឿង និងកង្ហារ ៣៥គ្រឿង ជូនដល់សាលាវិទ្យាល័យសែនសុខ ស្ថិតក្នុងភូមិច្រនៀង ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោក ខាតូ ខូដៃ បានថ្លែងថា ដោយមើលឃើញថា នៅក្នុងសាលារៀននេះ ស្ថិតនៅតំបន់ជនបទ និងមិនទាន់មានអគ្គិសនី ប្រើប្រាស់គ្រប់គ្រាន់ ហើយអាកាសធាតុក្តៅទៀតនោះ ក្រុមលោកបានសម្រេចចិត្តផ្តល់ផ្ទាំងសូឡា ម៉ាស៊ីនត្រជាក់ និងកង្ហាជូនដល់សាលារៀនសែនសុខនេះតែម្តង។
លោកបានបន្តថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា គឺជាប្រទេសដែលកំពុងអភិវឌ្ឍ ហើយក៏មានអ្នកវិនិយោគជាច្រើន បានកំពុងមកចាប់ដៃគូររកស៊ីនៅកម្ពុជា ក្នុងនោះក៏មានក្រុមហ៊ុនផលិតសូឡា Prometex របស់លោកផងដែរ។ ដូចនេះ លោកជំរុញឱ្យសិក្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រឱ្យបានពូកែ ដើម្បីចូលរួមធ្វើការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើនបានកាន់តែលឿន។
ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប ដែលបានអញ្ជើញចូលរួមជាអធិបតី នៅឯពិធីប្រគល់និងទទួលសម្ភារៈទាំងនេះ បានមានប្រសាសន៍ ថា៖ ជាការពិតណាស់សម្ភារៈទាំងនេះ ពិតជាបានបង្កលក្ខណៈងាយស្រួលដល់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៅទីនេះ ទទួលបានភ្លើងប្រើប្រាស់គ្រប់គ្រាន់ ដើម្បីសិក្សារៀនសូត្រទាំងអស់គ្នា ជាពិសេសបានរួមចំណែកកាត់បន្ថយការចំណាយទៅលើថ្លៃភ្លើងផងដែរ។
ឯកឧត្តម បានបន្តថា ដើម្បីជាការតបគុណទៅម្ចាស់ជំនួយវិញក្មួយៗសិក្សានុសិស្សត្រូវរៀនសូត្រឱ្យបានពូកែ ក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ ពលរដ្ឋល្អ និងជាធនធានមនុស្សប្រកបដោយសក្តានុពល សម្រាប់រួមគ្នាប្រទេសជាតិ។
ឯកឧត្តម បន្តថា កន្លងមកសប្បុរសជនជប៉ុនជាច្រើនតែងតែបាន បានចូលរួមធ្វើសកម្មភាពមនុស្សធម៌តាមរយៈឯកឧត្តមផ្ទាល់ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួយដល់សាលារៀន នៅតាមតំបន់ជនបទក្នុងខេត្តសៀមរាប។
ឯកឧត្តម បញ្ជាក់ទៀតថា៖កម្ពុជាក្រោមការដឹកនាំប្រកបដោយឆន្ទៈមោះមុត និងភាពស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាអ្នកបន្តវេនដ៏មានសក្តានុពល បានដឹកនាំឱ្យកម្ពុជា មានសន្ទុះរីកចម្រើនជឿនលឿន លើគ្រប់វិស័យ ក្នុងនោះវិស័យសិក្សាធិការអប់រំ គឺជាវិស័យអាទិភាពមួយដែលបាន និងកំពុងជម្រុញពង្រីក ហើយមានការឈានឡើងទាំងបរិមាណ និងគុណភាពឥតឈប់ឈរ គួរជាទីមោទនៈ សំដៅធ្វើការអភិវឌ្ឍ ធនធានមនុស្ស ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ ស្របតាមកាលៈទេសៈ នៃការរីកចម្រើន ទាំងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តមនុស្សធម៌របស់ពួកគាត់ ដែលបានចំណាយពេលវេលា កំលាំងកាយ កំលាំងចិត្ត និងថវិកាជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនដល់ស្រុកយើង៕