(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា មិនមានការណែនាំណាមួយ តម្រូវឱ្យប្រជាពលរដ្ឋ បង់ប្រាក់ជាថ្នូរបានចូលធ្វើការនៅការដ្ឋានព្រែកជីកហ្វូណនតេជោនោះឡើយ ដូច្នេះសូមប្រជាពលរដ្ឋកុំចាញ់បោកការបំភ្លៃនេះឱ្យសោះ។
ការចេញមកបំភ្លឺនេះ គឺដោយសារតែមានការបង្ហោះ ក៏ដូចជាពាក្យចចាមអារាមថា មានការតម្រូវឱ្យពលរដ្ឋបង់ប្រាក់ពី៥០ដុល្លារ ទៅ ១០០ដុល្លារ ជាថ្នូរការចូលធ្វើការនៅគម្រោងព្រែកជីកហ្វូណនតេជោ ដូចជាបានធ្វើជាកម្មករ អ្នកបើកគ្រឿងចក្រជាដើម។ ជុំវិញបញ្ហានេះ ក៏មានទាំងការបង្កើតគ្រុបតេឡេក្រាមដើម្បីទារប្រាក់ថែមទៀត។
ឆ្លើយតបការបំភ្លៃនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា រាជរដ្ឋាភិបាលគ្មានការតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់ ជាថ្នូរចូលធ្វើការជាមួយគម្រោងព្រែកជីកហ្វូណនតេជោនោះឡើយ។ ម្យ៉ាងវិញទៀត គិតចាប់ពីពេលប្រារព្ធពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា រហូតមកដល់ពេលនេះ គឺមិនទាន់មានការប្រើប្រាស់គ្រឿងចក្រនៅឡើយដែរ ដោយក្រុមការងារកំពុងដោះស្រាយបញ្ហាសំណងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាមុនសិន។
លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋថា «ប្រសិនបើមានគេឱ្យបង់លុយកាក់ សូមកុំមានការយល់ច្រឡំ ឬចាញ់បោកតាមការបោកប្រាស់នេះឱ្យសោះ»។
លោក ស៊ុន ចាន់ថុល បានបន្តថា ប្រសិនបើមានចម្ងល់ ចង់បានព័ត៌មានជាក់ច្បាស់ពីការអនុវត្តគម្រោងព្រែកជីកហ្វូណន សូមចូលទៅមើលក្នុងគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងគេទំព័រព្រែកជីកហ្វូណនតេជោ ក៏ដូចជាគ្រុបតេឡេក្រាម អ៉ីនស្តាក្រាម ទំព័រហ្វេសប៊ុកជាដើម ដោយប្រជាពលរដ្ឋអាចតាមដានព័ត៌មាន ឬខំមិនសួរ ព័ត៌មានជាមុន ដាច់ខាតកុំជឿការបោកប្រាស់រឿងទារលុយនេះឱ្យសោះ ឬក៏សូមកុំចេះ តែនិយាយទាំងខុសឱ្យសោះ។
សូមរំឭកថា ព្រែកជីកហ្វូណនតេជោ ដែលជាកំណប់ទ្រព្យដ៏មានគុណតម្លៃផ្នែកសេដ្ឋកិច្ច របស់ខ្មែរ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការយ៉ាងមហោឡារិក កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោមសម្រែកសាទរយ៉ាងមហស្ចារ្យនៅទូទាំងនគរខ្មែរ៕