(កណ្ដាល)៖ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ និងអធិការដ្ឋានខាងត្បូងបឹងទន្លេសាប បានសហការជាមួយខណ្ឌរដ្ឋបាល ជលផលខេត្តកណ្តាល ខេត្តកំពង់ចាម និងកំពង់ឆ្នាំង បើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយ លោកស្រី កាំង ឃីម អគ្គនាយករងរដ្ឋបាលជលផល។ នេះជាការឆ្លើយតបនឹងបទបញ្ជាររបស់លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងការចង្អុលបង្ហាញពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកប្រធានរដ្ឋបាលជលផល។ កម្លាំងរបស់ខណ្ឌបានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយអធិការដ្ឋានរដ្ឋបាលចតុមុខ អធិការដ្ឋានរដ្ឋបាលជលផល ខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលកំពង់ចាម និងកំពង់ឆ្នាំង រួមជាមួយអាជ្ញាធរមូលដ្ឋាន សរុប៣៣នាក់ ប្រើប្រាស់មធ្យោបាយកាណូត១១គ្រឿង។
លោកបន្តថា បានចេញប្រតិបត្តិការនៅតាមចំណុចបឹង វាលទំនាបលិចទឹកទន្លេសាប ក្នុងភូមិសាស្រ្តព្រំប្រទល់ខេត្តទាំង៣ ជាលទ្ធផលបានដកហូត និងដុតបំផ្លាញចោល នូវវត្ថុតាងល្មើសរួមមាន សៃយ៉ឺនស្បែមុងចំនួន១១៥មាត់លូ របាំងស្បៃមុង៤២២០ម៉ែត្រ បង្គោលតូច ធំ១៥៦០ដើម ព្រមទាំងចាក់លែងកូនត្រីចម្រុះ ចូលទៅក្នុងបឹងធម្មជាតិវិញ ចំនួន៤៧០គីឡូក្រាម។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាលរូបនេះ បានបន្ថែមទៀតថា កន្លងមកលោក ម៉ៅ ភិរុណ តែងតែបញ្ជារឲ្យគណៈបញ្ជាការឯកភាពគ្រប់ស្រុក ធ្វើកិច្ចសហការជាមួយជំនាញជលផលឲ្យបានល្អ ក្នុងការបង្ក្រាបបទល្មើសនេសាទ និងបញ្ជារឲ្យចុះអនុវត្តផ្ទាល់ នៅតាមមូលដ្ឋានរបស់ខ្លួន ប្រសិនបើមានបទល្មើសជាក់ស្តែង។ លោក វ៉ិត ធារិទ្ធ ក៏បានសាទរផងដែរ ទៅហ្នឹងការបង្ក្រាបនានាកន្លងមក ពីសំណាក់គណៈបញ្ជាការឯកភាព តាមស្រុកនីមួយៗ និងសំណូមពរឲ្យមានការចូលរួម ក្នុងការបង្ក្រាបបទល្មើសនេសាទនេះ ជាបន្តទៅទៀត បើពុំមានការចូលរួមប្រកប ដោយឆន្ទៈទាំងអស់គ្នានោះ ពុំអាចទទួលបានលទ្ធផលល្អនោះដែរ។
ទន្ទឹមហ្នឹងនោះដែរ លោកក៏សូមផ្តាំផ្ញើទៅដល់បងប្អូន ប្រជានេសាទដែរថា សូមមេត្តាបញ្ឈប់ជាបន្ទាន់ នូវការលក់ឧបករណ៍នេសាទខុសច្បាប់ និងការធ្វើនេសាទខុសច្បាប់បន្តទៅទៀត ជាពិសេសក្នុងរដូវបិទនេសាទ (ត្រីពងកូន) ព្រោះការប្រើប្រាស់ឧបករណ៍ខុសច្បាប់ ក៏ដូចជានេសាទខុសច្បាប់ វាប្រៀបបីដូចជា បងប្អូនកំពុងបំផ្លាញខ្លួនឯង ទៅថ្ងៃអនាគត។
លោក ឆើយ ចំរើន ហៅវែង ប្រជាពលរដ្ឋនៅភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល បានប្រាប់ថា លោកពិតជាសាទរណាស់ ទៅហ្នឹងចំណាត់ការរបស់ជលផល ដែលបានបានចុះមកបង្ក្រាប ការនេសាទខុសច្បាប់ ដាក់សៃយ៉ឺនស្បែមុងនេះ ព្រោះវាបំផ្លាញគ្មានសល់នោះទេ សូម្បីតែកូន ចៅ ជីទួត ជីលួត ជីលាត្រី ហើយដើម្បីរក្សាពូជត្រីយើងឲ្យនៅគង់វង់នោះ សូមបងប្អូនដែលកំពុងតែប្រព្រឹត្តិការ នេសាទខុសច្បាប់ ត្រូវតែនាំគ្នាបញ្ឈប់ជាបន្ទាន់៕