(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលនឹងទូទាត់សងរាល់ផលប៉ះពាល់ក្នុងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ។ តែទោះជាយ៉ាងណា លោក ស៊ុន ចាន់ថុល បានសុំការយោគយល់ចំពោះប៉ះពាល់ទាំងឡាយ ហើយរាជរដ្ឋាភិបាលនឹងព្យាយាមកាត់បន្ថយផលប៉ះពាល់ឱ្យបានខ្ពស់បំផុត។
ក្នុងដំណើរចុះពិនិត្យតម្រាយផ្លូវទឹកនៃគម្រោងព្រែកជីកហ្វូណនតេជោនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើទៅប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភលើសំណងនៃផលប៉ះពាល់។ លោកបានឱ្យដឹងថា មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះទៅសិក្សារាល់ផលប៉ះពាល់របស់ប្រជាពលរដ្ឋ ហើយទូទាត់សងលើការប៉ះពាល់នោះ សូម្បីតែដើមឈើហូបផ្លែនានា ក៏នឹងត្រូវទូទាត់សងផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ «រាជរដ្ឋាភិបាលយើងដោះស្រាយតាមគោលនយោបាយ តាមច្បាប់តម្លាប់ដែលយើងមាន មិនមែនរំលោភយកដីពីបងប្អូនប្រជាពលរដ្ឋមកកសាងព្រែកជីកនោះទេ។ សូមកុំជឿការញុះញង់រដ្ឋាភិបាលរំលោភយកដី មិនសងថវិកា មិនមែនទេ មិនមែនដាច់ខាត»។
សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ ដែលជាកំណប់ទ្រព្យដ៏មានគុណតម្លៃផ្នែកសេដ្ឋកិច្ចរបស់ខ្មែរ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការយ៉ាងមហោឡារិក កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោមសម្រែកសាទរយ៉ាងមហស្ចារ្យនៅទូទាំងនគរខ្មែរ។
គម្រោងនេះ នឹងធ្វើលើផ្លូវទឹកធម្មជាតិដែលមានស្រាបប្រវែងប្រមាណ១៣៥គីឡូម៉ែត្រ។ តម្រាយនៃការសាងសង់ព្រែកជីកនេះ ភាគច្រើនជាវាលបឹង និងវាលស្រែ សម្រាប់លំនៅឋានប្រជាពលរដ្ឋប៉ះពាល់ច្រើននៅទីប្រជុំជន។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានឱ្យដឹងថា គម្រោងព្រែកជីកនេះ ប៉ះពាល់ប្រហែលជា ១,៥០០ខ្នង ស្ពាន៣កន្លែង រោងចក្រ១ ដីលំនៅឋាន ១៤៩.៥ហិចតា ផ្លូវជាតិ ១៨ខ្សែ ប្រវែង ៤គីឡូម៉ែត្រ ផ្លូវលំ ៧០ខ្សែ ប្រវែង ៤៥គីឡូម៉ែត្រ ទំនប់ទឹក ២ខ្សែ ប្រឡាយទឹក ១៣ខ្សែ ដីស្រែ ២.៩ពាន់ហិកតា៕