(ឡាវ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាតំណាងកម្ពុជា សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន (AMMW) នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី៣ (The 3rd ASEAN Women Leaders’ Summit) ក្រោមមូលបទ «ការពង្រឹងសេដ្ឋកិច្ចគិតគូរពីសុខុមាលភាព និងភាពធន់ឆ្ពោះទៅសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥» ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
កិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី៣ មានគោលបំណង ដើម្បី៖
១៖ ទទួលស្គាល់តួនាទីដ៏សំខាន់ និងភាពខ្លាំងរបស់មេដឹកនាំស្ត្រី និងស្ត្រីទាំងអស់ក្នុងតំបន់អាស៊ាន ក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩។
២៖ លើកឡើងជាថ្មីនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការគាំទ្រស្ត្រី និងក្មេងស្រីនៅក្នុងសេដ្ឋកិច្ចគិតគូរពីសុខុមាលភាពដែលមានប្រាក់កម្រៃ និងមិនមានប្រាក់កម្រៃ ដែលជារបៀបវារៈដ៏សំខាន់ក្នុងថ្នាក់តំបន់។
៣៖ ទទួលស្គាល់លើបញ្ហាប្រឈម និងកាលានុវត្ថភាព ក្នុងការគាំទ្រស្ត្រី និងក្មេងស្រីក្នុងបរិបទនៃការកសាងភាពធន់។
៤៖ អនុម័តសេចក្តីថ្លែងការណ៍ចុងក្រោយដែលកំណត់អនុសាសន៍ជាក់លាក់សម្រាប់ដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី និងក្មេងស្រីនៅក្នុងបរិបទនៃសេដ្ឋកិច្ចគិតគូរ ពីសុខុមាលភាពដែលមានប្រាក់កម្រៃ និងមិនមានប្រាក់កម្រៃ ព្រមទាំងការកសាងភាពធន់។
នៅក្នុងកិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី៣ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានធ្វើបទអន្តរាគមន៍ ស្ដីពីការពង្រឹងសេដ្ឋកិច្ចគិតគូរពីសុខុមាលភាព និងភាពធន់ឆ្ពោះទៅ សហគមន៍ អាស៊ាន ក្រោយឆ្នាំ២០២៥ ដោយបានបង្ហាញពីការយកចិត្តទុកដាក់ របស់រដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការសកម្មភាពនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដោយមានសេដ្ឋកិច្ចគឺជាអាទិភាព ដ៏សំខាន់។
ជាមួយគ្នានេះដែរ លោកស្រីកិត្តិបណ្ឌិត ក៏បានបញ្ជាក់ផងដែរថា កម្ពុជាកំពុងតែបញ្ចប់នូវ ក្របខណ្ឌផែនការសកម្មភាពសេដ្ឋកិច្ចជាតិ នៃសេដ្ឋកិច្ចគិតគូរពីសុខុមាលភាព និងការងារមើលថែ ដែលមិនទទួលបាន ប្រាក់កម្រៃ ដែលយកចិត្តទុកដាក់ លើ៖ ១. ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកថែទាំសុខុមាលភាព (Care Infrastructure) ២. វិធានការគាំពារ និងថែទាំពាក់ព័ន្ធ នឹងគាំពារសង្គម (Care-related social protection) ៣. សេវាផ្នែកថែទាំ (Care Services) និង ៤. គោលនយោបាយពាក់ព័ន្ធនឹងថែទាំ នៅក្នុងការងារ (Employment-related to care policies)។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់កិត្តិយសដ៏ខ្ពងខ្ពស់ថ្លែងសុន្ទរកថា លើសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍ស្ដីពី «ការពង្រឹងសេដ្ឋកិច្ចគិតគូរពីសុខុមាលភាព និងភាពធន់ឆ្ពោះទៅសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥» ដោយផ្ដោតសំខាន់ក្នុងការវិនិយោគលើការងារមើលថែ (Care Work) គឺជាវិធីសាស្រ្តស្នូលមួយ សម្រាប់សមភាពយេនឌ័រការអភិវឌ្ឍមូលធនមនុស្ស សុខុមាលភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព៕