(ម៉ានីល)៖ យោធាហ្វីលីពីន និង សហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធយោធារួមគ្នាដូចការគ្រោងទុក បើទោះជា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ធ្លាប់បានជេរប្រមាថ លោក បារ៉ាក់ អូបាម៉ា និងទាមទារឱ្យ សហរដ្ឋអាមេរិកដកទ័ពចេញពីហ្វីលីពីនក៏ដោយ។ នេះបើតាមការឱ្យដឹងពីស្ថានទូតអាមេរិកប្រចំាទីក្រុងម៉ានីល ដែលចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី Russian Today នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦។
សមយុទ្ធយោធាឈ្មោះថា PHIBLEX 33 នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃ ទី៤ រហូតដល់ថ្ងៃទី១២ ខែតុលានៅឯ កោះ Luçon និងកោះ Palawan ហើយកងទ័ពអាមេរិកឈរជើងនៅកោះអូគីណាវ៉ា ប្រទេសជប៉ុនជាង ១៤០០នាក់ និង កងទ័ពហ្វីលីពីន ៥០០ នាក់ នឹងចូលរួមក្នុងសមយុទ្ធយោធារួមគ្នានេះដែលផ្ដោតសំខាន់លើ ចលនាបំលាស់ទីរបស់កងទ័ពទំាងនៅលើគោក និង នៅលើទឹក ការបាញ់គ្រាប់ពិត ព្រមទំាងការផ្ដល់ជំនួយ មនុស្សធម៌។ ទន្ទឹមគ្នានោះដែរ ឧត្ដមសេនីយ៍ត្រីអាមេរិក លោក John M.Jansen បានលើកឡើងថា «ការ ផ្លាស់ប្ដូរអ្នកជំនាញ និង ការអភិវឌ្ឈន៍សម្ព័ន្ធភាពផ្នែកសន្តិសុខដ៏ចំណាស់ រវាងហ្វីលីពីន និងសហរដ្ឋអាមេរិក គឺជាមូលដ្ឋានគ្រឹះដ៏រ៉ឹងមំាសម្រាប់សន្តិសុខ និង ស្ថេរភាពនៅក្នុងតំបន់ អស់រយៈពេលរាប់ទសវត្សរ៍មកនេះ។
គួរបញ្ជាក់ថា គិតចាប់តំាងពីឆ្នាំ២០០២មក កងទ័ពពិសេសអាមេរិកជាង ១២០០ នាក់ កំពុងឈរជើងនៅក្នុង ប្រទេសហ្វីលីពីន៕