(កំពង់ឆ្នាំង)៖ យុវសិស្សក្រីក្រ និងពិការភាពពីកំណើត ឡាយ សំណាង អាយុ២១ឆ្នាំ រស់នៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង សព្វថ្ងៃជាសិស្សរៀនថ្នាក់ទី១១D នៃវិទ្យាល័យក្រុងកំពង់ឆ្នាំង, ម្ដាយមានមុខរបរជាអ្នកអនាម័យ ឪពុកជាជាងសំណង់ ហើយក៏មានជំងឺប្រចាំកាយផងដែរ។
យុវសិស្សដ៏កំសត់ ឡាយ សំណាង មានបំណងប្រាថ្នា ចង់រៀនសូត្រឱ្យបានចប់ចុងចប់ដើមដូចគេ ពិសេសចង់បន្ដការសិក្សារហូតដល់ថ្នាក់អនុបណ្ឌិត ទោះដឹងថារាល់ថ្ងៃនេះ ខ្លួនជួបនឹងបញ្ហារាប់មិនអស់ ទាំងជីវភាពររស់នៅប្រចាំថ្ងៃ ទាំងសុខភាពរាងកាយសម្បទារបស់ខ្លួន។ ប៉ុន្ដែអ្វីទាំងអស់នេះ មិនមែនជាឧបសគ្គរារាំងបំណងប្រាថ្នា ឱ្យយុវសិស្សរូបនេះបោះបង់ការសិក្សានោះឡើយ។
យុវសិស្ស ឡាយ សំណាង បានរៀបរាប់ប្រាប់បណ្ដាញព័ត៌មាន Fresh News ថា «រាល់ថ្ងៃនេះខ្ញុំពិតជាមានខ្វះខាតខ្លាំងណាស់ ព្រោះតែជីវភាពគ្រួសារខ្ញុំក្រខ្សត់ ខ្វះទាំងថវិកា និងផ្ទះដើម្បីជ្រកកោនឱ្យបានត្រឹមត្រូវ សម្រាប់បាំងភ្លៀងបាំងខ្យល់នឹងគេ ពេលភ្លៀងម្ដងៗទឹកលិចពាក់កណ្ដាលផ្ទះ សូម្បីតែកន្លែងទុកដាក់សៀវភៅគ្មានដែរ។ តែទោះជាលំបាកយ៉ាងនេះក្ដី ក៏ខ្ញុំមិនបោះបង់ការសិក្សាដែរ មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឱ្យខ្ញុំឆ្លងផុតពីភាពក្រីក្រ និងជួយឪពុកម្ដាយពេលគាត់ចាស់ទៅ។ ខ្ញុំអាណិតម្ដាយឪពុកខ្ញុំណាស់ មិនដែលរុនរានឡើយកន្លងមក មានតែបានប្រឹងប្រែងរកថវិកា បេះពីមាត់ពីក ទុកលុយឱ្យកូនរៀន»។
ដោយសារតែឃើញពីការលំបាក និងទឹកចិត្ដតស៊ូរបស់យុវសិស្សដ៏កំសត់នេះ ទើបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពដោយផ្ទាល់ដល់គេហដ្ឋានរបស់យុវសិស្ស សំណាង និងគ្រួសារ។
លោកស្រីបានបន្ដថា ក្រោយពេលបានចុះមកឃើញថា ស្ថានភាពរបស់យុវសិស្សសំណាង និងឪពុកម្ដាយ មានភាពខ្វះខាតជាខ្លាំង ពិសេសលំនៅឋានប្រក់ស័ង្កសីផ្ទាល់ដី ស្ថានភាពផ្ទះមិនអាចទប់ទល់នឹងភ្លៀងផ្គរ ពិសេសពេលភ្លៀងមកម្ដងធ្វើឱ្យផ្ទះនេះជនលិចមិនដែលខាន ។បន្ទាប់ពីឃើញស្ថានភាពយ៉ាងដូច្នេះ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានសម្រេចសាងសង់ផ្ទះថ្មី១ខ្នងបន្ថែមទៀត ជូនដល់យុវសិស្ស សំណាង និងគ្រួសារ។
ឪពុកម្ដាយ និងយុវសិស្សសំណាង បានសម្ដែងការត្រេកអរជាខ្លាំងដែលមិននឹកស្មានថា ពួកគាត់មានថ្ងៃនេះឡើយ ព្រោះថាក្នុងពេលតែមួយ គឺទទួលបានការឧបត្ថម្ភទាំងថវិកាសម្រាប់សិក្សារៀនសូត្រ សម្រាប់យុវសិស្សសំណាងហើយ ថែមទាំងថវិកាសម្រាប់ប្អូនស្រីរបស់សំណាងដើម្បីសិក្សាផងដែរ ពិសេសនឹងបានផ្ទះថ្មីមួយខ្នងស្នាក់នៅឆាប់ៗនេះទៀត បន្ទាប់ពីអាជ្ញាធរខេត្ដកំពង់ឆ្នាំង បានចុះពិនិត្យរួចរាល់ហើយកាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងគិតគូរស្វែងយល់ពីសុខទុក្ខរបស់ប្រជារាស្ដ្រជានិច្ច ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។
សូមជម្រាបថា កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា,ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបាន គឺតែងតែយកទៅជួយដល់ប្រជាជនងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ ដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា គឺកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា - ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា៕