(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញនូវសេចក្ដីអំពាវនាវដល់ មន្រ្តីគ្រប់ជាន់ថ្នាក់ទាំងអស់ នៃក្រសួងសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមវិភាគទានសម្រាប់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន នៅក្នុងគោលបំណងដើម្បីចូលរួមចំណែកជាមួយរក្សាភិបាលកម្ពុជា ក្នុងស្មារតីជាតិ និងសាមគ្គីជាតិជាធ្លុងមួយ សំដៅរក្សាបាននូវសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី ក៏ដូចជាចូលរួមជំរុញការអភិវឌ្ឍនៅតំបន់តាមព្រំដែនឱ្យកាន់តែមានវឌ្ឍភាព។ នេះបើតាមសេចក្ដីអំពាវនាវដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននារាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
ការអំពាវនាវរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួង ប្រធានអង្គភាពក្រោមឱវាទក្រសួង និងក្រោមអាណាព្យាបាលរបស់រដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន និងបុគ្គលិកមន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដូចខាងក្រោម៖
«សូមពិនិត្យលទ្ធភាពចូលរួមបរិច្ចាគវិភាគទានដោយស្ម័គ្រចិត្តក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ឱ្យបានផុសផុល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុកសាងជាតិ និងមាតុភូមិ ដោយអាចចូលរួមបរិច្ចាគដោយផ្ទាល់តាមរយៈប្រព័ន្ធទំនាក់ទំនង និងគណនីធនាគារសម្រាប់ទទួលវិភាគទាន... »។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួង និងអង្គភាពក្រោមឱវាទក្រសួង និងក្រោមអាណាព្យាបាលរបស់រដ្ឋមន្រ្តី នៃក្រសួអសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន ត្រូវផ្ញើរបាយការណ៍ទិន្នន័យនៃការចូលរួមវិភាគទានក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» របស់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្រ្តីរាជការអង្គភាពខ្លួន មកអគ្គលេខាធិការដ្ឋាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបូកសរុប និងចាត់ចែងបន្ត និងផ្ញើចូលក្នុងគ្រុបតេឡេក្រាម «MEF AII»ដើម្បីបញ្ជាក់ពីការចូលរួមប្រកបដោយសា្មរតីស្នេហាជាតិ។ នេះបើតាមការបញ្ជាក់បន្ថែមពីសេចក្ដីអំពាវនាវ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕