(ប្រេស៊ីល)៖ ប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅក្នុងប្រទេសប្រេស៊ីល បានរាយការណ៍ថា អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ មួយរូបរបស់រដ្ឋាភិបាលនៃអតីតប្រធានាធិបតីលោក Luiz Inacio Lula da Silva និង លោកស្រី Dilma Rousseff គឺលោក Antonio Palocci ត្រូវបានប៉ូលិសចាប់ខ្លួនហើយ នៅថ្ងៃចន្ទនេះនៅក្នុងក្របខណ្ឌនៃការ ស៊ើបអង្កេតជុំវិញករណីពុករលួយពាក់ព័ន្ធនឹងក្រុមហ៊ុនប្រេងរដ្ឋ Petrobras។ នេះបើតាមការចុះផ្សាយដោយ សារព័ត៌មាន Channel News Asia នៅយប់ថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦។
ជុំវិញការចាប់ខ្លួននេះដែរ ប៉ូលិសសហព័ន្ធ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា មានភស្ដុតាងដែល បង្ហាញថាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះបានទទួលសំណូកតាមរយៈការដើរតួនាទីជាភ្នាក់ងារទំនាក់ទំនងរវាង គណបក្សពលករឆ្វេងនិយម និង ក្រុមហ៊ុនសំណង់ដ៏ធំមួយនៅអាមេរិកឡាទីនឈ្មោះថា Odebrecht SA ដើម្បីទទួលបានកិច្ចសន្យាពីក្រុមហ៊ុនប្រេងរដ្ឋ Petrobras។
សូមជំរាបថា មហាសេដ្ឋីជាម្ចាស់ក្រុមហ៊ុនសំណង់ Odebrecht SA លោក Marcelo Odebrecht ត្រូវបាន តុលាការផ្ដន្ទាទោសកាលពីខែមីនា កន្លងទៅឱ្យជាប់ពន្ធនាគារ១៩ឆ្នាំ ពីបទពុករលួយ លាងលុយកង្វក់ និង ការរៀបចំបទឧក្រិដ្ឋជាប់ទាក់ទិននឹងរឿងអាស្រូវពុករលួយជាមួយនឹងក្រុមហ៊ុន Petroleo Brasileiro SA។