Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ អ៉ី ឈាន ប្រគល់ម៉ូតូស្កុបពីចំនួនមួយគ្រឿង និងLaptop មួយគ្រឿង ដល់សិស្សជាប់និទ្ទេស A ព្រមទាំងប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សខ្វះលទ្ធភាពបន្តការសិក្សា

26-09-2016 13:03

(ប៉ៃលិន)៖ ដូចការដែលបានសន្យាមុនពេលប្រឡងនោះ នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានប្រគល់ម៉ូតូស្កុបពីសេរី​ឆ្នាំ២០១៦ ចំនួន១គ្រឿង និងលេបថប១គ្រឿង ដល់សិស្សប្រឡងជាប់និទ្ទេស A នៃវិទ្យាល័យហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន ខេត្តប៉ៃលិន ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងជូនរង្វាន់ដល់សិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A,B,C ទូទាំងខេត្តប៉ៃលិន សម័យប្រឡង ២២ សីហា ឆ្នាំ២០១៦ ដែលរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន។

ក្រៅពីផ្តល់ម៉ូតូ និងលេបថប ដល់សិស្សនិទ្ទេស A នាយឧត្តមសេនីយ៍ អ៉ី ឈាន ក៏បានប្រគល់ថវិកាដល់សិស្សប្រឡងជាប់និទ្ទេស B ចំនួន ៧នាក់ ក្នុងម្នាក់ៗកាបូបសិក្សាចំនួន១ និងថវិកា ២០០,០០០រៀល និងសិស្សនិទ្ទេស C ចំនួន ២៣នាក់ ក្នុងម្នាក់ៗកាបូបសិក្សាចំនួន ១ និងថវិកា ១០០,០០០រៀល និងលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនវគ្គបំប៉នចំនួន ២១នាក់ ទទួលបានប័ណ្ណថ្លែងអំណរគុណពីសហភាពសហព័ន្ធយុវជនកម្ពុជា និងអាវសាមិចំនួន១ និងថវិកា ចំពោះសិស្សានុសិស្ស និងយុវជនចំនួន១៨០នាក់ ម្នាក់នូវកាបូបសិក្សាម្នាក់១ ផងដែរ ក្រៅពីនេះលោកបានប្រកាសផ្តល់អាហារូបករណ៍សម្រាប់ឆ្នាំ២០១៦ ចំនួន២០ កន្លែងសម្រាប់សិស្សានុសិស្សដែលខ្វះលទ្ធភាពបន្តការសិក្សាថ្នាក់ឧត្តម  ដែលកន្លងមកលោកបានផ្តល់ចំនួន៣ឆ្នាំរួចមកហើយ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អ៉ី ឈាន បានសម្តែងពីមោទនភាពចំពោះយុវជនខេត្តប៉ៃលិន ដែលបានប្រឡងជាប់ទទួលបាននិទ្ទេសល្អ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយពុំនឹកស្មានដល់ ព្រោះ​ឪពុកម្តាយរបស់ក្មួយៗទាំងអស់សុទ្ធសឹងតែជាកងទ័ព ដែលពុំបានទទួលការសិក្សាខ្ពង់ខ្ពស់ឡើយ ហើយឯកឧត្តមក៏បានជំរុញសិស្សជ័យលាភីប្រឡង ជាប់បាក់ឌុបទាំងអស់ទូទាំងខេត្ត ឲ្យបន្តការខិតខំប្រឹងប្រែងសិក្សាបន្តទៅទៀត ដើម្បីពង្រឹងសមត្ថភាព ចូលរួមចំណែកជួយកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត ពិសេសខេត្តប៉ៃលិន។

នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ អ៉ី ឈាន ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ ដោយសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងខ្លាំងក្នុងការរក្សាស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសប្រឹងប្រែងទាក់ទាញអ្នកវិនិយោគបរទេស មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សបញ្ចប់ការសិក្សា។ ឆ្លៀតក្នុងឱកាសនោះលោកក៏បានថ្លែងអំណរគុណដល់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ទីរអប់រំយុវជន និងកីឡា លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មបំផុត ក្នុងការរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងធនធានមនុស្សក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តប៉ៃលិនទាំងមូលផងដែរ៕