(ភ្នំពេញ)៖ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងាររៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យបរធនបាលកិច្ច ឆ្នាំ២០២៥-២០៣៥ ជួបប្រជុំពិភាក្សាការងារជាមួយក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ងិន បាណាល់ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងតំណាងអគ្គស្នងការនគរបាល អមដោយសហការី។
កិច្ចប្រជុំបានផ្ដោតការពិភាក្សាអំពីបច្ចុប្បន្នភាពនៃទីផ្សារបរធនបាលកិច្ច ក្របខណ្ឌច្បាប់ក្នុងវិស័យបរធនបាលកិច្ច ប្រភេទនៃបរធនបាលកិច្ចនៅកម្ពុជាបច្ចុប្បន្ន ការគ្រប់គ្រងមូលនិធិសង្គម ការបញ្រ្ជាបការយល់ដឹងពីវិស័យបរធនបាលកិច្ចដល់អង្គការសមាគមដែលគ្រប់គ្រងមូលនិធិសង្គម និងការពិនិត្យលទ្ធភាពផ្តល់កិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និង ន.ប.ធ. ក្នុងគោលដៅផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក៕