(ភ្នំពេញ)៖ ក្មេងស្រីម្នាក់ បានយកទូរស័ព្ទ និងម៉ូតូរបស់ជនរងគ្រោះ ទៅបញ្ចាំហើយរត់គេចខ្លួន៣ថ្ងៃ ត្រឡប់មកវិញត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួន នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ។
ប្រភពពីនគរបាលបានឲ្យដឹងថា បើតាមការរៀបរាប់ឲ្យដឹងពី ជនរងគ្រោះ បានបញ្ជាក់ថា មុនពេលកើតហេតុនៅពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនចេញពីបន្ទប់ជួល ក្នុងសង្កាត់ទួលសង្កែ គោលបំណងទៅជួបក្មេងស្រី សង្ស័យឈ្មោះភ័ណ្ឌ និងបក្ខពួកម្នាក់ទៀតឈ្មោះ ភា ដើម្បី បបួលគ្នាចូលម៉ារិនក្លឹប ជាមួយគ្នានៅទីនោះ លុះដល់យប់ជ្រៅម៉ោងជិត១២ ជនរងគ្រោះបាន ចេញពីក្លឹប ហើយក៏បានបែកផ្លូវគ្នា ដោយជនរងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះវិញ តាមបណ្ដោយផ្លូវលេខ៥៩៨ ម្ដុំដីលីហួរ ស្រាប់តែដួលម៉ូតូ បណ្ដាលឲ្យរងរបួសតែម្ដង ហើយស្របពេ លនោះឈ្មោះ ភា ដែលជាមិត្តភ័ក្តរបស់ក្មេងស្រីសង្ស័យ ឈ្មោះ ភ័ណ្ឌ បានតេទូរស័ព្ទមកសួរជនរងគ្រោះថាដល់ផ្ទះ ហើយឫនៅ ទើបដឹងថាជនរងគ្រោះបានរងរបួសដោយដួលម៉ូតូ បន្ទាប់ពីក្មេងស្រីសង្ស័យបានទទួលដំណឹង ថាជនរងគ្រោះបានរងរបួស ដោយដួលម៉ូតូនៅយប់នោះភ្លាម ទើបពួកគេបានមកដល់កន្លែងកើតហេតុ ហើយសម្រេចដឹកយកជនរងគ្រោះ ទៅមន្ទីរពេទ្យដើម្បីព្យាបាល។ ជនរងគ្រោះបន្ដថា នៅខណៈដែលរូបគេកំពុង ទទួលការព្យាបាលនោះ ស្រាប់តែក្មេងស្រីសង្ស័យឈ្មោះភ័ណ្ឌ បានឆ្លៀតឱកាស យកទូរស័ព្ទដៃ១គ្រឿង និងម៉ូតូរបស់ខ្លួន ជិះចេញទៅបញ្ចាំបាត់ស្រមោល រហូតមកដល់ថ្ងៃទី២៦ ខែកញ្ញានេះ ទើបប្រទះឃើញឈ្មោះភ័ណ្ឌ ហើយជនរងគ្រោះក៏សម្រេចប្ដឹង សមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ឲ្យជួយអន្តរាគមន៍ ឃាត់ខ្លួនតែម្ដងទៅ។
នគរបាលដដែល បញ្ជាក់ថា ក្មេងស្រីសង្ស័យឈ្មោះ ភ័ណ្ឌ ហៅសក់ខ្លី អាយុប្រហែល១៧ឆ្នាំ រីឯជនរងគ្រោះឈ្មោះ សុត ពៅ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងជាម្ចាស់ម៉ូតូ Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1I-2476 ឆ្នាំ២០១០។
បច្ចុប្បន្ន ជនសង្ស័យ បាននឹងកំពុងឃាត់ខ្លួនសួរនាំនៅ ប៉ុស្ដិ៍នគរបាលទួលសង្កែ ដើម្បីបន្តស្រាវជ្រាវ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចាត់ការតាមនីតិវិធី៕