(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងចុះហត្ថលេខាជាមួយភាគីជប៉ុន លើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣,២០៦លានយ៉េន ប្រមាណជា ៣១.៩៣លានដុល្លារសហរដ្ឋអាមេរិក។
ជំនួយនេះធ្វើឡើងដើម្បីជួយលើការអនុវត្តគម្រោងចំនួន ២រួមមាន គម្រោងទី១ លើសមាហរណកម្មបោសសម្អាតមីន និងសង្រ្គោះជនពិការ ដោយសារមីនដំណាក់កាលទី៣។ ចំណែក គម្រោងទី២ ធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពដឹកជញ្ជូនរបស់រថយន្តក្រុងក្នុងរាជធានីភ្នំពេញ។
ពិធីចុះហត្ថលេខាខាងលើនេះ នឹងធ្វើឡើងរវាង លោក ឡុង វីសាលោ រដ្ឋលេខាធិការ និងជារដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេសកម្ពុជា ជាមួយ លោក យូជី គូម៉ា ម៉ារូ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នៅវេលាម៉ោង ១៥៖៣០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦៕