(ក្រចេះ)៖ អាជ្ញាធរស្រុកចិត្របុរី និងមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានចុះជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១,៦០០ក្បាលដី ជូនប្រជាពល រដ្ឋចំនួន៥ភូមិ នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។
បើតាមលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី បានថ្លែងបញ្ជាក់ថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ គឺជាការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ និងជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ ។
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលនឹងបន្តដំណើរការកែ ទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដីធ្លី និងការដោះ ស្រាយវិវាទដីធ្លី នៅក្រៅប្រព័ន្ធតុលាការសំដៅគ្រប់ គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារចុះបញ្ជីដីធ្លី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការសម្រេច កិច្ចការចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ជូនប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវ និងមានតម្លាភាព និងបានកោត សរសើរនូវការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងគ្រប់ជំហាននៃការចុះបញ្ជីដីធ្លី រហូតដល់បានទទួលបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ ។
លោក យិន វណ្ណៈ បានបន្ថែមថា ក្នុងនោះប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ ក៏មានការត្រេកអរសប្បាយរីករាយ ក្នុងពេលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ពីអាជ្ញាធររខេត្ត ដើម្បីជាឧត្តមប្រយោជន៍ក្នុងការប្រើប្រាស់អាស្រ័យផល និងលើកកម្ពស់កម្រិតជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ និងបានថ្លៃអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ នៅតាមទីជនបទ។
គួបញ្ជាក់ដែរថា បើតាមការធ្លាប់បញ្ជាក់របស់ លោក អ៊ូ សុបុណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់និងសុរិយោដីខេត្ត លទ្ធផលសម្រេចបានតាំងពីខែមករា ឆ្នាំ២០២៤ ខេត្តក្រចេះ កាប្រកាសតំបន់វិនិច្ឆ័យ និងបានចុះវាស់វែងស្រង់ទិន្នន័យ ទិន្នន័យក្បាលដីបានចំនួន១៩៣ភូមិ និង៤៥ ឃុំ/សង្កាត់ ៧ក្រុង/ស្រុក និងបាននិងកំពុងបន្តនីតិវិធីបិទផ្សាយជូនប្រជាពលរដ្ឋ និងក្រសួង-ស្ថាប័នរដ្ឋ និងឯកជន ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
លោកថា ដើម្បីសម្រេចនិងបញ្ចប់ការងារចុះបញ្ជីដីធ្លីតាមបណ្តាស្រុក-ឃុំ-ភូមិ មន្ទីរបានប៉ាន់ស្មានក្បាលដីនៅសល់ប្រមាណ ១៦៩,១៨៧ក្បាលដីក្នុងខេត្តក្រចេះ សម្រាប់អនុវត្តបញ្ចប់ផែនការឆ្នាំ២០២៤-២០២៥ និងឲ្យស្របតាមផែនរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ កំណត់ក្នុងការចុះបញ្ជីក្បាលដីចំនួន៥លានក្បាលដី ទូទាំងប្រទេស សម្រាប់ផែនការឆ្នាំ២០០៤-២០២៥៕