(កំពត)៖ ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ សម្ដេចព្រះវនរ័ត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី២ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះពោធិវ័ង្ស អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អមដោយសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងលោក នាក់ សំបូរ រដ្ឋលេខាធិការតំណាងលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានជួបសំណេះសំណាលជាមួយព្រះមន្រ្តីសង្ឃខេត្តកំពត និងខេត្តកែប នៅសាលាគណខេត្តកំពត វត្តជុំគ្រៀល។
ជាមួយគ្នានោះក៏មានវត្តមានអញ្ជើញចូលរួមពីលោកបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពត បាននិមន្តព្រះមន្រ្តីសង្ឃ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខព្រះមន្រ្តីសង្ឃ និងភិក្ខុ សាមណេរ ដែលគង់នៅតាមបណ្ដាវត្តនានាក្នុងខេត្តកំពត និងខេត្តកែបទាំងមូល។ សមាជិក សមាជិកាអង្គពិធីដែលបាននិមន្ត-អញ្ជើញចូលរួម មានព្រះមន្រ្តីសង្ឃសាលាគណ សាលាអនុគណក្រុង ស្រុក និងព្រះចៅអធិការទូទាំងខេត្តកំពត និងខេត្តកែប សមណសិស្សវត្តជុំគ្រៀល ព្រមទាំងឯកឧត្តម លោកជំទាវ និងមន្ត្រីរាជការ នៃក្រសួងធម្មការនិងសាសនា និងរដ្ឋបាលខេត្តកំពត សរុបប្រមាណជា ៦០០ អង្គ/នាក់។
សម្ដេចព្រះវនរ័ត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី២ បានមានថេរដីកា ដាស់តឿនក្រើនរំលឹកដល់ព្រះមន្រ្តីសង្ឃ សមណសិស្សគ្រប់អង្គ ឱ្យមានស្មារតីភ្ញាក់រលឹក ប្រកាន់ខ្ជាប់នូវការបដិបត្តិធម៌វិន័យ ខិតខំព្យាយាមសិក្សារៀនសូត្រឱ្យក្លាយ ជាសមណសក្យបុត្រ ដែលជាបុត្រដ៏ប្រពៃរបស់ព្រះសម្មាសម្ពុទ្ធ និងធ្វើខ្លួនឱ្យជាស្រែបុណ្យដ៏ល្អដល់ពុទ្ធបរិស័ទ និងជាទំពាំងដ៏ល្អស្នងប្ញស្សី។
ឱកាសនោះ សម្ដេចព្រះពុទ្ធ ជ័យ មុនី ក៏បានផ្តាំផ្ញើដល់ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ ជាពិសេសដល់សមណសិស្សថា «ត្រូវកសាងខ្លួនឱ្យជាអ្នកមានវិជ្ជា ជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ សាសនា និងអង្គព្រះមហាក្សត្រ ដើម្បីរលាស់ខ្លួនឱ្យចេញចាកពីអវិជ្ជា។ ព្រះករុណាគ្រប់អង្គ ការបួសគឺយើងត្រូវគោរពប្រតិបត្តិតាមធម៌ និងវិន័យរបស់ព្រះសម្មាសម្ពុទ្ធ ដូចគ្នានេះការរស់នៅក្នុងប្រទេសជាតិមួយ យើងក៏ត្រូវគោរពទៅតាមច្បាប់របស់ប្រទេសជាតិនីមួយៗផងដែរ។ ចូរព្រះករុណាកុំប្រព្រឹត្តឱ្យខុសធម៌ ខុសវិន័យ និងជាពិសេសនោះកុំធ្វើអ្វីឱ្យខុសពីគោលការណ៍របស់ រាជរដ្ឋភិបាលកម្ពុជា ដែលកើតឡើងដោយច្បាប់ កើតឡើងដោយប្រជាពលរដ្ឋ គាំទ្របោះឆ្នោះដោយស្របច្បាប់ ដូចនេះគប្បីចូលរួមត្រេកអរ និងអនុវត្តតាមរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។
មុននឹងបញ្ចប់ សម្ដេចព្រះពុទ្ធជ័យមុនី ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក បានប្រគេន និងអំពាវនាវ ដល់ព្រះមន្ត្រីសង្ឃសាលាគណ សាលាអនុគណក្រុង ស្រុក ព្រះសង្ឃ និងពុទ្ធបរិស័ទ ឱ្យចូលរួមនូវវិភាគទានស្ម័គ្រចិត្ត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ជាមួយរាជរដ្ឋាភិបាលដែលត្រូវបានបង្កើតឡើងដោយឈរលើបុព្វហេតុរួមនៃការកសាង និងការពារមាតុភូមិកម្ពុជា ដើម្បីបញ្ជាក់អំពីសាមគ្គី និងស្មារតីជាតិខ្មែរតែមួយ និងដើម្បីសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រួមទាំងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ ប្រកបដោយចីរភាព។
លោក នាក់ សំបូរ បានពាំនាំនូវការផ្តាំសួរសុខទុក្ខ និងថ្វាយបង្គំពីលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មកា រនិងសាសនា ប្រគេនដល់ព្រះមន្រ្តីសង្ឃ និងសមណសិស្សគ្រប់ព្រះអង្គថា «សូមព្រះមន្រ្តីសង្ឃ និងព្រះចៅអធិការវត្តគ្រប់ព្រះអង្គ ត្រូវធ្វើការគ្រប់គ្រងវត្តឱ្យបានល្អស្របទៅតាមតួនាទីភារកិច្ចរបស់ព្រះមន្រ្តីសង្ឃវត្ត ពិសេសការគ្រប់គ្រងព្រះសង្ឃ គណៈកម្មការ ក្មេងវត្ត ឱ្យបានច្បាស់លាស់ជៀសវាង នូវអធិករណ៍ឬបញ្ហាផ្សេងៗដែលនាំឱ្យប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា»។
លោកបន្ថែមថា «ចំពោះព្រះមន្រ្តីសង្ឃ ដែលប្រើប្រាស់បណ្ដាញសង្គម ប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍ព្រះពុទ្ធសាសនា ព្រមទាំងបានណែនាំឱ្យវត្តអារាមរៀបចំសោភ័ណភាពវត្ត ដើម្បីត្រៀមរៀបចំបុណ្យភ្ជុំបិណ្ឌនិងកឋិនទាន»៕