(ភ្នំពេញ)៖ បុរសអ្នកលក់ចេកចៀនម្នាក់ បានលង់ទឹកស្លាប់ចោលប្រពន្ធ និងកូន៣នាក់ ឱ្យទ្រហោយំទ្រហឹង ក្រោយចុះបាត់ពីផ្ទះតាំងពីម៉ោង១២យប់មិញ។ សពបុរសកំសត់នេះ ត្រូវបានអ្នកច្រូតស្មៅគោម្នាក់ទៀត ប្រទះឃើញនៅវេលាម៉ោង ៤៖៨នាទីល្ងាច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចវាលស្រែ ភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ចយ នូ អាយុ៤១ឆ្នាំ មុខរបរលក់ចេកចៀន នៅផ្សារថ្នល់ទទឹង រស់នៅភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានកូន៣នាក់ (ប្រុស១ស្រី២) និងប្រពន្ធមានឈ្មោះ សំ មឿន អាយុ៣៧ឆ្នាំ។
បើតាមប្រពន្ធសពជនរងគ្រោះបានឱ្យដឹង ពួកគាត់បានចាកចេញពីស្រុកកំណើតទៅរកស៊ីលក់នំចេកចៀន នៅផ្សារថ្នល់ទទឹង និងបានមកលេងស្រុកវិញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីយកលុយនិងសម្ភារៈជូនម្តាយឪពុក លុះមកដល់ម៉ោង១២យប់ រំលងអធ្រាត ជនរងគ្រោះក្រោកចុះពីលើផ្ទះដោយមិនដឹងថាគាត់ទៅណានោះទេ បាត់ឈឹងផ្អើលអ្នកផ្ទះនាំគ្នា ដើរតាមរកតែរកមិនឃើញ។
ស្រ្តីជាប្រព័ន្ធសពគួរឱ្យអាណិតខាងលើ បានបន្តថា លុះមកដល់ម៉ោងកើតហេតុ មានអ្នកច្រូតស្មៅគោម្នាក់បានរត់មកប្រាប់គាត់ថា បានប្រទះឃើញសពប្ដីរបស់គាត់ លង់ទឹកនៅក្នុងគុម្ពស្មៅ កណ្តាលវាលស្រែ។ ពេលទៅដល់កន្លែងកើតហេតុ គាត់អាសូរប្ដីគាត់ណាស់ទប់ទឹកភ្នែកមិនបាន ក៏ស្រែកទ្រហ៊ោយំទ្រហឹងជាមួយកូនទាំងបីនាក់។ បច្ចុប្បន្ន សពបុរសខាងលើត្រូវបានបងប្អូនដឹកយកមកវត្ត ដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ៕