(ភ្នំពេញ)៖ សភាតំបន់អាស៊ី(APA) នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកបទប្បញ្ញត្តិហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគៀតត្រា ក្នុងរាជធានីភ្នំពេញ ដោយបានពិភាក្សាលើសេចក្ដីព្រាង «សេចក្ដីសម្រេចស្ដីពី ថវិកាសម្រាប់ការទ្រង់ទ្រង់ ដំណើរការរបស់សភាតំបន់អាស៊ី នៅឆ្នាំ២០១៧» ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ប្រធានគណៈប្រតិភូនៃ សភាប្រទេសអាហ្គានីស្ថាន ចំណែកអនុប្រធានកិច្ចប្រជុំ គឺលោក ញ៉ែម ថា្ថវី សមាជិករដ្ឋសភាកម្ពុជា។
យោងតាម សេចក្តីព្រាង សេចក្តីសម្រេចស្តីពីថវិកានេះ សភាតំបន់អាស៊ី ត្រូវការថវិកាប្រមាណជាង ១.៥លានដុល្លារ សម្រាប់ឆ្នាំ២០១៧ ហើយគម្រោងថវិកានេះ សភាតំបន់អាស៊ី បានសំណូមពរឲ្យមានការបរិច្ចាគវិភាគទាន ពីប្រទេសសមាជិកAPAទំាងអស់។ ក្នុងនោះ គណៈប្រតិភូចូលរួមកិច្ចប្រជុំ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសភា នៃកម្ពុជា ទទួលរៀបចំកិច្ច ប្រជុំនាឱកាសនេះ។
លោក ញ៉ែម ថ្ថាវី សមាជិករដ្ឋសភាកម្ពុជា ដែលជាអនុប្រធានកិច្ចប្រជុំនេះ បានលើកឡើង ថាAPA បានលើកឡើងនូវរូបមន្តបរិច្ចាគថវិកា របស់សមាជិកខ្លួន ដោយយកលំនាំតាមអង្គការសហប្រជាជាតិ និងសហភាពអន្តរសភា(IPU) ដោយប្រទេសជាសមាជិកត្រូវបង់ថវិកា តាមចំនួនប្រជាពលរដ្ឋ និងប្រាក់ចំណូលប្រចំាឆ្នាំរបស់ពលរដ្ឋ តែទោះយ៉ាងណា សេចក្តីព្រាងសេចក្តី សម្រេចស្តីពីថវិកាAPAនេះ មិនទាន់សម្រេចយ៉ាងណានោះទេ ពោលគឺសេចក្តីព្រាង សេចក្តីសម្រេចពីបញ្ហាថវិកានេះ នឹងត្រូវលើកទៅជជែកបន្តទៀត នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាតសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ី ដែលនឹងប្រារព្ធ ធ្វើនៅចុងឆ្នាំ២០១៦នេះ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។
សូមជម្រាបថា សភាតំបន់អាស៊ី(APA) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយប្រែក្លាយពីសមាគមសភាអាស៊ីដើម្បីសន្តិភាព (AAPP) ដែលត្រូវបានបង្កើតនៅឆ្នាំ១៩៩៩។ សភាតំបន់អាស៊ី មានសភាជាសមាជិក៤២ប្រទេស នៅក្នុងរយៈពេល១០ឆ្នាំមកនេះ សភាតំបន់អាស៊ី បានដំណើរការដោយមានការជួយទ្រទ្រង់ថវិកាមួយផ្នែកធំ ពីសភាប្រទេសអ៊ីរ៉ង់ ដែលអគ្គលេខាធិការដ្ឋានAPA ប្រចំានៅ។
គួរបញ្ជាក់ថា សមាជិកសភាតំបន់អាស៊ី ២១ប្រទេស បានកំពុងជួបប្រជុំគ្នា រយៈពេលពីរថ្ងៃ នៅរាជធានីភ្នំពេញ គឺថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកបទប្បញ្ញត្តិហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក និងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ របស់ខ្លួន៕