(មូស្គូ)៖ ក្រសួងការពារជាតិប្រទេសរុស្ស៊ីបានឲ្យដឹងថា អ្នកអង្កេតការណ៍របស់ខ្លួន នឹងចាប់ផ្តើម ការហោះហើរអង្កេតការណ៍ នៅលើដែនដីសហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ នៅក្រោមសន្ធិសញ្ញា បើចំហរជើងមេឃ (Open Skies Treaty)។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាល្ងាចថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦។
ក្រសួងខាងលើបានឲ្យដឹងទៀតថា ការហោះអង្កេតការណ៍ចម្ងាយ ៤,២៥០គីឡូម៉ែត្រ នឹងប្រព្រឹត្តទៅ នៅចន្លោះថ្ងៃទី២៦ខែកញ្ញា ដល់ថ្ងៃទី០១ខែតុលា ពីព្រលានយន្តហោះរួម Travis ដែលស្ថិតនៅ រដ្ឋកាលីហ្វរញ៉ា នៃសហរដ្ឋអាមេរិក។ យន្តហោះរុស្ស៊ី រួមជាមួយអ្នកជំនាញអាមេរិកនៅលើនោះដែរ នឹងធ្វើការពិនិត្យតាមដានលើដែនដីអាមេរិក ដោយអនុលោមតាមសន្ធិសញ្ញាបើកចំហរជើងមេឃ។
គួរបញ្ជាក់ដែរថា ការហោះអង្កេតការណ៍នេះដែរ គឺជាផ្នែកមួយនៃវិធានការបង្កើនទំនុកចិត្តនៅអឺរ៉ុប នៅក្រោយសម័យសង្រ្គាមត្រជាក់ ក្រោមសន្ធិសញ្ញាបើកចំហរជើងមេឃ ដែលត្រូវបានចុះហត្ថលេខា រវាងប្រទេសចំនួន៣៤ ដោយរួមបញ្ចូលទាំងរុស្ស៊ី និងសមាជិកអង្គការណាតូ (NATO) ផងដែរ កាលពីខែមីនាឆ្នាំ១៩៩២ ហើយបានចូលជាធរមាននៅដើមឆ្នាំ២០០២។ Open Skies Treaty គឺ អនុញ្ញាតឲ្យប្រទេសហត្ថលេខីទាំងអស់ ធ្វើការអង្កេត នឹងប្រមូលយកទិន្នន័យស្តីពីវិស័យយោធា ដោយ គ្មានការលាក់បាំងរវាងសមាជិកទាំងអស់នោះឡើយ៕