(ភ្នំពេញ)៖ ចៅស្រីច្បងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញទស្សនកិច្ច នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ។
ក្នុងដំណើរទស្សនកិច្ចនេះ ចៅស្រីសម្តេចតេជោ បានថ្លែងការសរសើរអំពីការរៀបចំរបស់មន្ទីរ និងបានជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង ជាពិសេសចូលរួមថែរក្សាសិល្បៈវប្បធម៌ប្រពៃណី ដែលដូនតាបន្សល់ទុក ឱ្យបានគង់វង្ស។
ដើម្បីបង្ហាញពីទឹកចិត្តក្នុងការជួយគាំទ្រជ្រោមជ្រែង ក្នុងវិស័យវប្បធម៌ ចៅស្រីច្បងសម្តេចតេជោ បាននាំមកនូវសម្លៀកបំពាក់សម្រាប់ហាត់របាំ និងថវិកាមួយចំនួនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដោយផ្ទាល់ចំនួន ១៨៤នាក់។
សូមជម្រាបថា នេះមិនមែនជាលើកទី១ នោះទេ ដែលកូនស្រីរបស់លោកស្រី ហ៊ុន ម៉ាណា ធ្វើសកម្មភាពសង្គម។ ចៅស្រីច្បងរបស់សម្តេចតេជោ ហ៊ុន សែន រូបនេះ បានបញ្ចប់ថ្នាក់បរិញាបត្រជំនាញវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុប។
សម្តេចតេជោ ហ៊ុន សែន កាលនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ធ្លាប់នាំនាងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧, បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេស៉ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២ ដោយសម្តេចបញ្ជាក់ថា ដើម្បីឲ្យចេះរៀនធ្វើការងារ។ សម្តេចតេជោ ក៏ធ្លាប់បានប្រកាសផ្តល់ភូមិគ្រឹះនៅក្រុងតាខ្មៅ ដល់ចៅស្រីច្បង និងគាំទ្រដល់នាងសម្រេចបំណងនាពេលអនាគតផងដែរ៕