(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពុងធំ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង នៃវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ ជាលើកទី០២ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានថ្លែងថា លោកមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានជួបសាកសួរសុខទុក្ខ សុខុមាលភាពរបស់ប្អូនៗបន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាល នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាពេលកន្លងមកត្រូវបានប្រធានគ្រប់គ្រងវគ្គបណ្តុះបណ្តាលចាត់បញ្ជូនឱ្យចុះធ្វើកម្មសិក្សានៅអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ តាមគោលដៅរៀងៗខ្លួន គឺដើម្បីផ្សារភ្ជាប់រវាងទ្រឹស្ដី និងការអនុវត្តជាក់ស្តែង ដើម្បីសម្រេចបានលទ្ធផលស្របតាមផែនការ របស់សាលាបណ្ឌិត្យសភានគរបាលកម្ពុជា។
លោកឧត្តមសេនីយ៍ត្រីស្នងការ បានផ្ដាំផ្ញើដល់សិស្សនាយនគរបាល ត្រូវគោរពបទវិន័យ របស់កងកម្លាំងនគរបាលជាតិ, សាមគ្គីភាពល្អ, យកចិត្តទុកដាក់ស្ដាប់សាកសួរកត់ត្រា ទទួលយក បទពិសោធន៍ ចំណេះដឹង ក្នុងការបំពេញភារកិច្ចជាប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ តាមគោលដៅនីមួយៗ យកអស់កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងបំពេញភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន អនុវត្តសម្រេចជោគជ័យ តាមការរំពឹងទុក។
លោកឧត្តមសេនីយ៍ត្រី ហេង សុផល សង្ឃឹមជឿជាក់ថាបន្ទាប់ពីប្អូនៗ បញ្ចប់វគ្គបណ្ដុះបណ្ដាលនាពេលខាងមុខវិលត្រលប់មកបម្រើការងារនៅអង្គភាពវិញនាំយកចំណេះដឹង បទពិសោធន៍ ចូលរួមអនុវត្តន៍តួនាទីភារកិច្ចជំនាញ សម្រេចជោគជ័យ ស្របតាមគោលនយោបាយថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ។
សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក សេង វណ្ណគីម នាយការិយាល័យបណ្តុះបណ្តាល បានឱ្យដឹងថា សិស្សនាយនគរបាល-សិស្សនាយនគរបាលរងចំនួន២៧នាក់ ស្រី ១០នាក់ ដែលកំពុងសិក្សាត្រូវចុះធ្វើកម្មសិក្សា និងអនុវត្តការងារជាក់ស្ដែងចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤៕