(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោក យឹម សារ៉ាន់ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះទៅសហការជាមួយកម្លាំង នគរបាលស្រុកពញាឮ ខេត្តកណ្តាល តាមបង្ក្រាបដល់ទីតាំងកែច្នៃរថយន្ត មួយកន្លែងរបស់ក្រុមចោរ ក្រោយពីពួកគេលួចបាន។
លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ប្រតិបត្តិការតាមបង្ក្រាបក្រុមចោរកែច្នៃរថយន្តខាងលើនេះ បានធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បន្ទាប់ពីមានហេតុការណ៍ ចោរលួចរថយន្តមួយ គ្រឿងម៉ាកតូយូតា១២កៅអី នៅម្តុំកាណាស៊ីធី តាមផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦។
លោកអធិការបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយពីទទួលបានព័ត៌មានថា មានករណីបាត់រថយន្ត តូយូតា១២កៅអី នៅម្តុំកាណាស៊ីធីវេងស្រេង យប់មិញ នៅរសៀលថ្ងៃនេះ កម្លាំងអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការជាមួយអធិការដ្ឋានស្រុកពញាឮ បានចុះដល់ទីតាំងផ្ទះជនសង្ស័យ ហើយបានហូតបានរថយន្ត១២កៅអី ដែលកំពុងប្តូរពណ៌ និងសម្ភាររួមទាំងស្លាកលេខ មួយចំនួនផងដែរ»។
បើតាមលោកអធិការ សម្រាប់ជនសង្ស័យ និងជាម្ចាស់ផ្ទះឈ្មោះ ប្រាក់ រឹទ្ឋ អាយុ៣៤ឆ្នាំ បានរត់គេចខ្លួនបាត់។ មន្រ្តីនគរបាលបានឲ្យដឹងថា តាមការសួរនាំមើលទៅ មានរថយន្តជាច្រើនគ្រឿង ដែលបាត់កន្លងទៅ ត្រូវបានជនសង្ស័យយកទៅកែច្នៃ នៅទីនេះ មុនពេលលក់បន្តទៀត៕