(តាកែវ)៖ នៅក្នុងកិច្ចប្រជុំគណបក្សប្រជាជនខេត្តតាកែវ និងក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត នៅស្នាក់ការគណបក្សស្រុកបាទី ក្រោមវត្តមានលោក ស៊ូ ភារិន្ទ តំណាងលោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី លោក ឡាយ វណ្ណៈ អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ដល់ប្រធាន គណបក្សប្រជាជនក្រុង-ស្រុកទាំង១០ នៅក្នុងខេត្ត ដោយទុកពេលឲ្យរយៈពេល១០ថ្ងៃ ត្រូវធ្វើយ៉ាងណាជួសជុលកែលម្អ ស្លាកសញ្ញាគណបក្ស ដែលមានរូបសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សឲ្យរួចរាល់។
លោក ឡាយ វណ្ណៈ លើកឡើងថា មន្រ្តីគណបក្សគ្រប់ក្រុង-ស្រុក ត្រូវតែចុះទៅមើលស្លាកសញ្ញាគណបក្ស ដែលលើកបញ្ឈនៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយបើឃើញមានសភាពមិនល្អ ត្រូវជួសជុលឡើងវិញ ហើយបើជួសជុលមិនកើតទេ ត្រូវធ្វើថ្មីឡើងវិញតែម្ដង ហើយបើគណបក្សស្រុកណា ខ្វះថវិកាក្នុងការជួសជុល ឬធ្វើថ្មីឡើងវិញ សូមដកស្លាកសញ្ញានោះ មកទុកនៅទីស្នាក់ការ គណបក្សស្រុក រួចត្រូវរាយការណ៍មកគណបក្សខេត្ត ដើម្បីធ្វើចលនា គៀងគរកថវិកា ក្នុងការជួលជុលឲ្យបានទាន់ពេលវេលា។ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា «ដើម្បីធ្វើកិច្ចនេះ ឲ្យទទួលបានជោគជ័យខ្ញុំ នឹងចុះត្រួតពិនិត្យ ដោយផ្ទាល់នៅតាមបណ្ដាលក្រុង-ស្រុក ទូទាំងខេត្តតាកែវ»។
គួរបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំនោះលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានលើកដៃសំពះរូបសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលដាក់នៅស្នាក់ការបក្សស្រុកបាទី ដែលលោកបានធ្វើការមានការឆកល្វែងពាក់ព័ន្ធ ទៅនឹងស្លាកសញ្ញាគណបក្ស ដែលវាបានធ្វើឲ្យប៉ះពាល់ដល់សម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា ហើយលោកបានសន្យាថា នឹងខឹតខំកែលម្អកំហុសឆ្គង ដោយមិនឲ្យកំហុសឆ្គងនេះ កើតឡើងជាលើកទី២នោះទេ៕