(កណ្តាល)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងបែបនេះ នៅសិក្ខាសាលាស្តីពី «ការស្វែងយល់អំពី ព្រះពុទ្ធសាសនា និងការប្រឆាំងអំពើជួញដូរមនុស្ស ក្នុងសម័យបរិវត្តកម្មឌីជីថល» ជូនដល់សិស្ស និស្សិត នៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ក្នុងបរិវេណវត្តព្រះឥន្ទ សាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។ ពិធីនេះធ្វើឡើងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ដែលមានវត្តមានលោក គួច ចំរើនអភិបាលខេត្តកណ្ដាលផងដែរ។
ស្ថិតក្នុងឱកាសនេះ លោកអភិបាលខេត្ត បានលើកឡើងថា តាមរយ:សិក្ខាសាលានេះ មិនត្រឹមតែជាឱកាសក្រើនរំលឹក ដល់សិស្សានុសិស្ស និស្សិត ជាពិសេសយុវជនឱ្យយល់ដឹងពីគ្រោះថ្នាក់ និងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្កឡើង ដោយអំពើជួញដូរមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណេះដឹង និងសម្តែងឆន្ទៈបំផុស នូវចលនាចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សឱ្យកាន់តែសកម្ម មានវិសាលភាព កាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព ទ្វេឡើងទៀតផង។
ក្នុងនោះសិក្ខាកាមនឹងបាន សិក្សាស្វែងយល់អំពី បទល្មើសជួញដូរមនុស្ស ដែលកើតមានក្នុងបច្ចុប្បន្ន ស្របពេលដែលវិទ្យាសាស្ត្របច្ចេកវិទ្យា ឌីជីថល បាននិងកំពុងរីកចម្រើនខ្ពស់ ដែលអូសទាញ ឬរុញច្រានមនុស្ស ជាពិសេសយុវវ័យឱ្យ ធ្លាក់ចូលក្នុងអន្ទាក់នៃជនល្មើសដោយមិនដឹងខ្លួន។
ជាមួយគ្នានេះលោកស្រី ជូ ប៊ុនអេង បានធ្វើការផ្សព្វផ្សាយ និងពន្យល់ណែនាំដល់សិក្ខាកាមទាំងអស់ ដោយបានលើកឡើងអំពីចំណុចសំខាន់ៗ នៃបទល្មើសជួញដូរមនុស្ស ទម្រង់នៃការកេងប្រវ័ញ្ចក្នុងអំពើជួញដូរមនុស្ស ក្នុងសម័យកាលបរិវត្តន៍កម្មឌីជីថល ដើម្បីផ្ដល់ជាមេរៀន បទពិសោធន៍ និងចំណេះដឹងដល់សិក្ខាកាម បានយល់ដឹង និងចូលរួមផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ ដើម្បីអាចការពារខ្លួនកុំឱ្យធ្លាក់ក្នុងការជួយដូរមនុស្ស ពីព្រោះមនុស្សទាំងអស់អាចធ្លាក់ក្នុងាការជួញដូរបានទាំងអស់ ឱ្យតែគេគិតថាអាចកេងប្រវាញ់បាន មិនថាជាបុរស ស្ត្រី កុមារ ទារក មនុស្សចាស់ សូម្បីតែជនពិការ ហើយការជួញដូរទាំងនោះអាចជា ការជួញដូរផ្លូវភេទ កម្លាំងពលកម្ម សរីរាង្គ រូបភាព និងអំពើអាសអាភាស ការជួយដូរទារកតាមរយ:ការពពោះជំនួសជាដើម។
លោកស្រីក៏បានផ្តល់ជាអនុសាសន៍ថា បច្ចុប្បន្នជនល្មើសបាននិងកំពុងរិះរកគ្រប់មធ្យោបាយ ក្នុងការលួងលោម បោកបញ្ឆោតយើងឱ្យធ្លាក់ក្នុងអន្ទាក់ ដូច្នេះយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែបើយើងបានយល់ ដឹងតាមរយៈសិក្ខាសាលានេះ មិនមានការលោភលន់ នោះជនល្មើសក៏មិនអាចបោកបញ្ឆោតយើងបានឡើយ ក៏ប៉ុន្តែបើយើងបណ្ដែតបណ្ដោយខ្លួន មិនមានការប្រុងប្រយ័ត្ន ជឿតាមការលួងលោមរបស់ជនល្មើស នោះយើងពិតជាអាចធ្លាក់ចូលក្នុងការជួញដូរមនុស្ស អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺ បើធ្លាក់ក្នុងការជួញដូរហើយគឺពិបាកស្ដារឡើងវិញណាស់ទាំងកាយសម្បទា សុខភាព និងស្មារតីសតិបញ្ញា៕