(រតនគិរី)៖ លោក នាង សំអាត និងលោក សាម សុជាង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងឱ្យកាន់មុខតំណែងជាអភិបាលរងខេត្តរតនគិរី និងត្រូវប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ។
ពិធីប្រកាសតែងតាំងអភិបាលរងខេត្តរតនគិរីទាំង២រូបនេះ បានធ្វើឡើងនៅសាលប្រជុំអគារ (D) សាលាខេត្តរតនគិរី ក្រោមអអិបតីភាពលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីសំណាក់លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងអនុរដ្ឋលេខាធិការអគ្គនាយក អគ្គនាយករង លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ប្រធានសាលាដំបូងខេត្ត,លោកព្រះរាជអាជ្ញារង នៃអយ្យាការអមសាលាដំបូងខេត្ត ,មេបញ្ជាការកងកម្លាំងទាំងបី, លោក លោកស្រីនាយក នយករងរដ្ឋបាលសាលាខេត្ត, លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត,លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយក នាយិកា ទីចាត់ការ អង្គភាពចំណុះរដ្ឋបាលសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
បន្ទាប់ពីលោក ញ៉ែម សំអឿន រាយការណ៍ជូនអំពីស្ថានភាពភូមិសាស្រ្ត ស្ថានភាពសន្តិសុខសង្គម និងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខេត្តរួចមក, លោក ប៊ុន ហុន បានសំដែងនូវការអបអរសាទរ លោកអភិបាលរងខេត្តទាំង២រូប ដែលដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត តែងតាំងមុខតំណែងជាអភិបាលរងខេត្តរតនគិរី។
លោកជឿជាក់ថា លោកអភិបាលរងខេត្តរតនគិរី ដែលទើបទទួលបានការតែងតាំងថ្មីនឹងខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍របស់ខ្លួន ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានខេត្តរតនគិរី ឱ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។
លោករដ្ឋលេខាធិការក៏បានស្នើឱ្យក្រុមប្រឹក្សា គណៈអភិបាល មន្ទីរ អង្គភាពនានា មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ទាំងអស់ផ្តល់ការគាំទ្រដល់ លោកអភិបាលរងខេត្តរតនគិរី ដែលទើបនឹងទទួលការតែងតាំងថ្មី ដើម្បីបន្តរួមគ្នាថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងខិតខំរួមគ្នាធ្វើការអភិវឌ្ឍ មូលដ្ឋានខេត្តរបស់ឱ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យបន្តទៀត។
ជាពិសេសត្រូវចូលរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលជារបៀបវារៈនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយ សមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិ ឱ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យ «កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»៕