(កំពង់ធំ)៖ អាជ្ញាធរស្រុកបារាយណ៍ និងប្រជាពលរដ្ឋបានចូលរួមអបអរសាទរ និងគាំទ្រសមិទ្ធផលរយៈពេល១ឆ្នាំ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ នេះបើតាមលោក ឃន ចាន់ថៃ អភិបាលស្រុកស្ដីទី និងប្រជាពលរដ្ឋស្រុកបារាយណ៍បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ ដែលបានថ្លែងនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។

លោកបានលើកឡើងថា រយៈពេល១ឆ្នាំ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរសធិបតី ហ៊ុន ម៉ាណែត បានដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបនាំមកនូវការរីកចម្រើន លើគ្រប់វិស័យសម្រាប់ប្រទេសជាតិ ដូចជា វិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ភូមិឃុំមានសុវត្ថិភាពត្រូវបានពង្រឹងនិងធ្វើឲ្យប្រសើរឡើង ហើយការទំនាក់ទំនងការទូតត្រូវបានពង្រីក និងបន្តធ្វើទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសជិតខាង។

បន្ថែមពីនេះ សម្ដេចមហាបវរធិបតី បានអភិវឌ្ឍលើហេដ្ឋា រចនាសម្ព័ន្ធ មានច្រើនរាប់ពុំអស់ ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវលំខ្វាត់ខ្វែងជូនដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ពិសេសប្រព័ន្ធធារាសាស្ត្រសម្ដេចបានផ្ដល់ទូទាំងប្រទេស ក្នុងនោះសម្តេចបានផ្ដល់គម្រោងប្រព័ន្ធធារាសាស្ត្រ១ចំនួនដល់ខេត្តកំពង់ធំ ដែលផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋក្នុងការបង្កបង្កើនផល និងសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀត។

លោកបន្តថា សម្ដេចបានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលប៉ុន្មានថ្ងៃនេះសម្ដេចបានចុះមកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដោយស្ងាត់ៗទៀតផង។ ក្នុងនាមរដ្ឋបាលស្រុកបារាយណ៍សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនៅការដឹកនាំរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ពិសេសការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប្រជាពលរដ្ឋ នៅក្នុងស្រុកបារាយណ៍ទាំងមូលក៏ដូចជាប្រជាជនទាំងអស់ទូទាំងប្រទេស សូមប្រកាសគាំទ្រនៅគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានតម្លៃមហាសាលសម្រាប់ប្រទេសជាតិទាំងមូល។

ចំណែកឯប្រជាពលរដ្ឋនៅស្រុកបារាយណ៍ក៏បានលើកឡើងស្រដៀងគ្នាថា រាជរដ្ឋាភិបាលថ្មីបានកសាងនូវសមិទ្ធផលជាច្រើនសម្រាប់ប្រទេសជាតិក្នុងរយៈពេលមួយឆ្នាំនេះ ពិសេសគម្រោងព្រែកហ្វូណនតេជោ ដោយពួកគាត់ជឿជាក់ និងគាំទ្រថា គម្រោងនេះពេលដែលកសាងរួចនឹងជួយកាត់បន្ថយថ្លៃដឹកទំនេញបានច្រើន និងបង្កើនការងារជូនប្រជាពលរដ្ឋបានច្រើនផងដែរ៕