(តាកែវ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីជំនាញ ជិះទូកចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកនៃគម្រោងព្រែកជីកហ្វូណនតេជោ ចាប់ពីព្រែកតាហ៊ីង ក្នុងភូមិសាស្ត្រខេត្តកណ្តាល តាមស្ទឹងខ្មោច ស្ទឹងអូកែវ ដល់ស្ទឹងអង្គរបុរី ស្ថិតនៅស្រុកអង្គរបុរី និងបន្តធ្វើដំណើរតាមប្រឡាយលេខ១៥ ឆ្ពោះទៅកាន់ក្រុងដូនកែវ ខេត្តតាកែវ។
ពិធីនេះក៏មានការចូលរួមអមដំណើរដោយ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តកណ្តាល លោក វ៉ី សំណាង អភិបាលខេត្តតាកែវ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះដែរលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបន្តចុះពិនិត្យកន្លែងធ្វើទ្វាទឹកស្ថិតនៅក្នុងក្រុងដូនកែវ ដែលជាកន្លែងព្រំប្រទល់រវាងក្រុងដូនកែវ និងស្រុកទ្រាំង និងបានបញ្ជាក់ដែរថា បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចុចបូតុងបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ មកដល់ពេលនេះ គម្រោងព្រែកជីកហ្វូណនតេជោនេះ បានដំណើរការទៅតាមអ្វីដែលជាការគ្រោងទុកហើយរួមមានការសិក្សាពីផលប៉ះពាល់លើលំនៅដ្ឋាន និងដីធ្លីរបស់ប្រជាពលរដ្ឋ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការព្រួយបារម្មណ៍អ្វីទាំងអស់ ដោយរាជរដ្ឋាភិបាលនឹងជួយដោះស្រាយជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ដែរថា ព្រែកជីកហ្វូណនតេជោ ត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែង ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង។ ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
ព្រែកជីកហ្វូណនតេជោ នឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម៉្លេះ ក្នុងនោះផ្លូវទឹក ធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។
គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅ ក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវ ហូរចេញទៅសមុទ្របានប្រកបដោយប្រសិទ្ធភាពខ្ពស់។
គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុង អំឡុងឆ្នាំ២០២៨ ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១.៧ពាន់លានដុល្លារអាម៉េរិក ក្នុងនោះទុនវិនិយោគរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក មានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) មានចំនួន ៤៩% ដោយការវិនិយោគនេះនឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕