(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់ពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន ដោយឡែកអគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត ចូលរួមតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) ។
កិច្ចប្រជុំផ្តោតសំខាន់លើការត្រួតពិនិត្យសមិទ្ធផលសម្រេចបានតាមកម្មវិធីអាទិភាពនីមួយៗរបស់ក្រសួង ការពិនិត្យលើបញ្ហា ការប្រឈម ក្នុងខែសីហា និងការពិភាក្សាដើម្បីស្វែងរកដំណោះស្រាយសម្រាប់អនុវត្តបន្ដឱ្យមានប្រសិទ្ធភាព។ យោងតាមរបាយការណ៍លទ្ធផលការងារដោយលោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានលើកឡើងថា លទ្ធផលសម្រេចបានតាមកម្មវិធីទាំង៤៖
* កម្មវិធីទី១៖ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ក្នុងខែសីហាសម្រេចបាន១១.៨៧% និងគិតត្រឹមប្រាំបីខែក្នុងឆ្នាំ២០២៤ សម្រេចបាន៦៣.៧៧%
* កម្មវិធីទី២៖ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងខែសីហាសម្រេចបាន ១៥.០៨% និងគិតត្រឹមប្រាំបីខែក្នុងឆ្នាំ២០២៤ សម្រេចបាន៦២.៨៨%
* កម្មវិធីទី៣៖ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច ក្នុងខែសីហាសម្រេចបាន ៧.៨៨% និងប្រាំបីខែក្នុងឆ្នាំ២០២៤ សម្រេចបាន៦៩.៣០%
* កម្មវិធីទី៤៖ ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ក្នុងខែសីហាសម្រេចបាន ១៣.៦៤% និងគិតត្រឹមប្រាំបីខែក្នុងឆ្នាំ២០២៤ សម្រេចបាន៦៥.០១%។ លទ្ធផលទាំងនេះជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថា្នក់ទាំងអស់ ក្នុងការអនុវត្តផែនការសកម្មភាពក្នុងក្របខណ្ឌតួនាទី និងភារកិច្ចរបស់ក្រសួង។
ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ដ្រីបានផ្ដល់អនុសាសន៍សំខាន់ៗ ដើម្បីជាយន្តការសម្រាប់អនុវត្តផែនការសកម្មភាពតាមកម្មវិធីទាំង៤ របស់ក្រសួង ឱ្យកាន់តែសម្រេចលទ្ធផលខ្ពស់ និងឈានទៅសម្រេចចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាការចូលរួមចំណែកអនុវត្តនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្រេចឱ្យខានតែបាននូវគោលដៅកម្ពុជា ជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
លោករដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំស្តីអំពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី និងបានស្នើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបរិច្ចាគថវិកាទៅមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីបង្ហាញពីការចូលរួមអភិវឌ្ឍន៍ និងថែរក្សាព្រំដែនយ៉ាងពិតប្រាកដដែលកើតចេញពីយើងម្នាក់ៗ៕