(ញូយ៉ក)៖ ក្រុមមន្ត្រីការទូត អង់គ្លេស បារំាង និង សហរដ្ឋអាមេរិក បានដើរចេញពីសាលប្រជុំ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈអ្នកតំណាងអចិន្ត្រៃយ៍រដ្ឋាភិបាលស៊ីរី លោក Bachar al-Jaafari កំពុងថ្លែងសុន្ទកថា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦។
តាមការពិតកិច្ចជុំពិសេសនៃក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃអាទិត្យ(ម៉ោងនៅក្នុងទីក្រុងញូយ៉ក) ស្ដីពីស្ថានភាពនៅស៊ីរី គឺរៀបចំឡើងតាមការស្នើសុំពីប្រទេស អង់គ្លេស បារំាង និង សហរដ្ឋអាមេរិក ក៏ប៉ុន្តែនៅពេលដែលអ្នក តំណាងរដ្ឋាភិបាលស៊ីរី លោក Bachar al-Jaafari ចាប់ផ្ដើមថ្លែងសុន្ទរកថា ក្រុមមន្ត្រីការទូតនៃប្រទេសទំាងបី បាននំាគ្នាងើបចេញពីកៅអីអង្គុយ និងដើរចេញពីសាលជុំ។
ជាមួយគ្នានោះដែរ លោក Bachar al-Jaafari បានថ្លែងថា «រដ្ឋាភិបាលស៊ីរីត្រៀមខ្លួនរួចជាស្រេច ដើម្បីត្រឡប់ទៅកាន់តុចរចា នៅក្នុងទីក្រុងហ្សឺណែវ ក៏ប៉ុន្តែ កិច្ចចរចាលើកនេះមិនមែនជា កិច្ចចរចា គថ្លង់ឬក៏ខ្វាក់នោះទេ ហើយយើងចង់និយាយជាមួយនឹង ប្រជាជនស៊ីរី និងអ្នកដែលជឿជាក់លើ ប្រទេសរបស់យើង ព្រមទាំងមិនបម្រើផលប្រយោជន៍ដល់អ្នកខាងក្រៅឡើយ»។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ បណ្ដាប្រទេសលោកខាងលិច បានចោទប្រកាន់រុស្ស៊ី និង រដ្ឋាភិបាលស៊ីរី ថាបានវាយប្រហារតាមផ្លូវអាកាសទៅលើទីតំាងក្រុមឧទ្ទាមស៊ីរី ក្នុងទីក្រុង អាឡេប៉ូ។ យ៉ាងណាក៏ដោយ អ្នកតំណាងអចិន្ត្រៃយ៍រុស្ស៊ីនៃក្រុមប្រឹក្សាសន្តិសុខ លោក VitaliTchourkine អាមេរិក ថាមិនបានធ្វើអ្វីសោះក្នុងការបែងចែករវាងក្រុមភេរវករ និង ក្រុមប្រឆាំងស៊ីរី រីឯបណ្ដាប្រទេស លោកខាងលិច នៅតែបន្តផ្ដល់អាវុធដល់ក្រុមភេរវករ នៅភាគខាងកើតទីក្រុងអាឡេប៉ូ៕