(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ណែនាំដល់អាជ្ញាធរក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធ ត្រូវពិនិត្យការពារថែរក្សាដីរដ្ឋឲ្យបានល្អ ចៀសវាងជនខិលខូចទន្ទ្រានកាន់កាប់យកដោយខុសច្បាប់។
ការថ្លែងណែនាំរបស់អភិបាលខេត្តស្វាយរៀងយ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើ ជាពិសេស រក្សាបាននូវសន្តិសុខសុវត្ថិភាពល្អ ក្នុងឱកាសដែលក្រុមប្រឆាំងជ្រុលនិយមក្រៅច្បាប់ បំផុសបំផុលឲ្យប្រជាពលរដ្ឋបាតុកម្មតវ៉ាប្រឆាំង CLVនាពេលកន្លងទៅថ្មីៗនេះជាដើម។
បន្ថែមលើសពីនេះ លោកអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
*១.មន្ទីរធនធានទឹក នឹងឧតុនិយមខេត្តត្រូវពិនិត្យតាមដានពីបញ្ហាអាកាសធាតុនៅក្នុងរដូវវស្សានេះជាពិសេសបញ្ហាភ្លៀងធ្លាក់នូវតំបន់ខ្លះមិនគ្រប់គ្រាន់ត្រូវរកមធ្យោបាយជីកស្តាប្រឡាយនាំទឹកទៅដល់ដល់ដីស្រែប្រជាពលរដ្ឋដេីម្បីសង្គ្រោះការខូចខាត។
*២.អាជ្ញាធរក្រុង ស្រុក ត្រូវខិតខំដោះស្រាយទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ រាល់សំណើរសំណូមពរ បញ្ហាផ្សេងៗរបសលប្រជាពលរដ្ឋ។
*៣.រដ្ឋបាលក្រុង-ស្រុក ត្រូវចាត់ចែងរៀបចំការសម្អាតបរិស្ថាននៅទីសាធារណៈនានាក្នុងដែនដីរបស់ខ្លួន ជាពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ១ និងទីប្រជុំជនជាដេីមដោយសម្អាតឲ្យបានស្អាត។
*៤. មន្ទីរកសិកម្មខេត្តត្រូវពិនិត្យតាមដានការបង្ករបង្កេីនផលស្រូវរបស់ប្រជាពលរដ្ឋ និងសង្កេតទៅលេីបញ្ហាប្រឈមនានាដូចជា សត្វល្អិតបំផ្លាញ ការខ្វះខាតទឹក ជាដេីម។
*៥. អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់សហការបង្ក្រាបរាល់ក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។
*៦.បន្តការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដែលបង្ករដោយខ្យល់កន្ត្រាក់ ផ្គរន្ទះជាដើម នៅក្នុងរដូវវស្សានេះ។
*៧.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានម៉ឺងម៉ាត់។
*៨.បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព៕