(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នំា២០២៤ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការផ្តល់ជ័យលាភី នៃការអនុវត្តគោលនយោយបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងសេវាសង្គមសម្រាប់រដ្ឋបាលឃុំ-សង្កាត់ ក្នុងខេត្តកំពង់ចាម។
សិក្ខាសាលានេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន បាន់ដា អភិបាលខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រសូត្រចេញពីការបោះឆ្នោតដោយសេរី តម្លាភាព យុត្តិធម៌ ទើបតែមានរយៈពេល ១ឆ្នាំ បានបន្តបេសកកម្មដ៏ឧត្តុងឧត្ដមក្នុងការការពារ ថែរក្សាសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបាននៅក្នុងនីតិកាលកន្លងទៅ តាមរយៈការបន្តពង្រឹងសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
លោកអភិបាលខេត្ត បានឱ្យដឹងថា គោលបំណងនៃការរៀបចំប្រឡងប្រណាំងការអនុវត្គគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងសេវាសង្គមសម្រាប់រដ្ឋបាលឃុំ-សង្កាត់ គឺដើម្បីជំរុញលើកទឹកចិត្តដល់រដ្ឋបាល ឃុំ-សង្កាត់ ក្នុងការខិតខំលើកកម្ពស់ កែលម្អសកម្មភាពអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន សម្រាប់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ជនងាយរងគ្រោះ ដូចជា៖ ស្ត្រី កុមារ មនុស្សចាស់ ជនក្រីក្រ ជនមានពិការភាពនៅមូលដ្ឋានរបស់ខ្លួន និងសំដៅកសាង ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ បណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាត នៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅកាត់បន្ថយភាពក្រីក្រ និងពង្រឹងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ដើម្បីសម្រេចបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព៕