(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានអញ្ជើញជាអធិបតីក្នុងសន្និសីទស្ដីពី «កិច្ចការពារអ្នកប្រើប្រាស់ អាស៊ានលើកទី៤» ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋាគារសាន់ & មូន រីវើសាយ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី តំណាងលេខាធិការដ្ឋាន អាស៊ាន លោក Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា តំណាង ឯកអគ្គរាជទូត ចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា តំណាងប្រទេស សមាជិកអាស៊ានទាំង១០ ក្នុងវិស័យកិច្ចការពារអ្នកប្រើប្រាស់ លោក លោកស្រី ជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ លោក លោកស្រី មកពីក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងវិស័យឯកជន ព្រមទាំងមានការចូលរួមពីអ្នកប្រើប្រាស់ ដែលងាយរងគ្រោះផងដែរ សរុបប្រមាណ ២០០នាក់។
សន្និសីទនេះ មានគោលគំនិតសំខាន់ ស្វែងរកវិធីសាស្រ្ត ដើម្បីឱ្យក្របខណ្ឌ កិច្ចការពារអ្នកប្រើប្រាស់ អាចជំរុញនូវរបកគំហើញថ្មីៗ ខណៈដែលផលប្រយោជន៍អ្នកប្រើប្រាស់ ត្រូវបានការពារ នៅក្នុងសេដ្ឋកិច្ចឌីជីថលនិងសេដ្ឋកិច្ច បៃតងដែលកំពុងវិវត្ត។ សន្និសីទនេះ បានធ្វើការប្រមូលផ្តុំនូវភាគីពាក់ព័ន្ធ រួមមាន និយ័តករ និងធុរជន ដើម្បីពិភាក្សាអំពីវិធីសាស្រ្តដែលធ្វើឱ្យបទប្បញ្ញតិ្តពាក់ព័ន្ធមានលក្ខណៈសមស្រប ក្នុងការជំរុញនូវវឌ្ឍនភាពផ្នែកបច្ចេកវិទ្យា និងបរិស្ថាន ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់។
កិច្ចពិភាក្សាផ្តោតសំខាន់ ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលផ្ដល់សិទ្ធិអំណាច ដល់អ្នកប្រើប្រាស់ នៅក្នុង សេដ្ឋកិច្ចឌីជីថល ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព ។ កិច្ចពិភាក្សានេះ ក៏បានលើកឡើង អំពីយុទ្ធសាស្ត្រ សម្រាប់ធ្វើការបណ្ដុះបណ្ដាល គំនិតឱ្យយល់ដឹងអំពីបរិស្ថាន នៅក្នុងបរិបទ នៃសេដ្ឋកិច្ចបៃតង ព្រមទាំងការអនុវត្តមិនសុចរិត ដែលគំរាមកំហែង ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅក្នុងទីផ្សារផងដែរ។
សន្និសីទស្ដីពីកិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤ ក៏បានបង្ហាញនូវការយកចិត្តទុកដាក់របស់អាស៊ាន ក្នុងការកសាងបរិយាកាសសេដ្ឋកិច្ច ដែលមានភាពធន់ ភាពច្នៃប្រឌិត បរិយាប័ន្ន និងនិរន្តរភាព។ ការយល់ដឹង និងយុទ្ធសាស្ត្រ ដែលបានបង្កើតឡើង នៅក្នុងសន្និសីទនេះ គឺមានសារៈសំខាន់ក្នុងការបង្កើត អនាគតមួយ ដែលសុខុមាលភាពអ្នកប្រើប្រាស់ត្រូវបានលើកកម្ពស់ជាចម្បង ចំពោះការរីកចម្រើនផ្នែកឌីជីថល និងបរិស្ថាននៅក្នុងតំបន់។
ថ្លែងសុន្ទរកថាក្នុងសន្និសីទនេះ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការ ជាតិការពារអ្នកប្រើប្រាស់ បានមានប្រសាសន៍ថា សន្និសីទស្ដីពី «កិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤» នេះ គឺជាព្រឹត្តិការណ៍មួយ ដ៏សំខាន់ ក្នុងការបំផុសឡើងនូវគំនិតច្នៃប្រឌិតថ្មី ការរក្សានិរន្តរភាព និងការផ្ដល់សិទ្ធិអំណាច ដល់អ្នកប្រើប្រាស់ ស្របពេលដែលមានការវិវត្តន៍នៃយុគសម័យឌីជីថល និងសេដ្ឋកិច្ចបៃតង។
លោកស្រី បានលើកឡើងថា ការវិវត្តនៃពិភពលោកឆ្ពោះ ទៅរកយុគសម័យឌីជីថល បានជះឥទ្ធិពលនិងផ្លាស់ប្ដូររបៀប នៃការរស់នៅ ជាពិសេសក្នុងការទិញទំនិញ ការប្រាស្រ័យទាក់ទង និងការផ្ទេរប្រាក់ជាដើម។ ក្នុងនាមយើង ជាអ្នកប្រើប្រាស់ យើងត្រូវបន្សាំ និងសម្របខ្លួន ទៅតាមបរិបទថ្មីនោះ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំ និងបន្តការប្រឹងប្រែង ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសការវិវត្ត នៃបច្ចេកវិទ្យាឌីជីថល សម្រាប់ប្រព័ន្ធសេដ្ឋកិច្ច និងសង្គមទាំងមូល ដើម្បីឆ្លើយតបទៅ នឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងការផ្លាស់ប្ដូរបរិបទ នៃការរស់នៅ នាសម័យកាលឌីជីថលនេះ។
សូមបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះនៃសន្និសីទនេះ កម្ពុជាសូមស្វាគមន៍ នូវការចូលរួមចែករំលែក ផ្លាស់ប្ដូរគោលគំនិត ចំណេះដឹង បទពិសោធន៍និងជំនាញទៅវិញទៅមក ជូនដល់អ្នកចូលរួម និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យមានការ អភិវឌ្ឍប្រកប ដោយវឌ្ឍនភាពរួមគ្នា បង្កើតនូវគំនិតថ្មីៗ និងកែលម្អ សម្រាប់ជំរុញកិច្ចការពារ អ្នកប្រើប្រាស់នៅក្នុងតំបន់ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕