Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តពោធិ៍សាត់ និង លោកស្រី អញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះឆ្នោត សាលាសង្កាត់ផ្ទះព្រៃ

26-09-2016 16:28

(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ និងលោកស្រី នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ជើញទៅចុះឈ្មោះ បោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះឆ្នោតសាលាសង្កាត់ផ្ទះព្រៃ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

នៅក្នុងឱកាសទៅចុះឈ្មោះបោះឆ្នោតនោះ លោក ម៉ៅ ធនិន បានអំពាវនាវដល់មន្ត្រី និងប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតសារជាថ្មីឲ្យ បានគ្រប់ៗគ្នា នៅតាមសាលាសង្កាត់ នៃការិយាល័យចុះឈ្មោះ បើគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

សូមបញ្ជាក់ថា នៅក្នុងក្រុងពោធិ៍សាត់ មានការិយាល័យបោះឆ្នោតចំនួន៧ ហើយរយៈពេល២៥ថ្ងៃ កន្លងទៅ មានប្រជាពលរដ្ឋទៅ ចុះឈ្មោះបោះឆ្នោតចំនួន ១៦,០៦៥នាក់ ក្នុងនោះស្រី ៨,៩៨៧នាក់។ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២៥ ខែកញ្ញា មានប្រជាពលរដ្ឋជាង ១១ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត គ្រប់ការិយាល័យចុះឈ្មោះបោះឆ្នោត ទូទាំងខេត្តពោធិ៍សាត់។

លោកអភិបាលខេត្តបានឱ្យដឹងថា ការចុះឈ្មោះបោះឆ្នោតនេះ មានសារៈសំខាន់ណាស់ ប្រសិនបើប្រជាពលរដ្ឋ មិនបានចុះឈ្មោះបោះឆ្នោត ក្នុងកំឡុងពេលនេះទេ ពួកគេមិនអាចទៅចូលរួមបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ ២០១៧ និងបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ បាននោះឡើយ៕