(ភ្នំពេញ)៖ លោកបណ្ឌិត ប្រាក់ សម្ផស្ស បណ្ឌិតផ្នែកទស្សនវិជ្ជានយោបាយ បានមើលថា ព្រះបរមរតនកោដ្ឋ និងសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា គឺជាមេដឹកនាំ ដែលស្រលាញ់ចូលចិត្ត ស្និទ្ធសា្នាលជាមួយអ្នកសារព័ត៌មានដូចគ្នា។
ថ្លែងក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News នាថ្មីៗនេះ លោកបណ្ឌិត បានប្រសាសន៍ថា ធម្មជាតិអ្នកនយោបាយ ដែលក្ដាប់ព័ត៌មានបានជុំ គឺតែងទទួលជោគជ័យច្រើន ពីព្រោះនៅលើពិភពលោកនេះអ្នកដែលគ្រប់គ្រងខ្លាំង គឺជាអ្នកដែលគ្រប់គ្រងព័ត៌មាននេះឯង ត្បិតពេលទទួលដំណឹងចារកិច្ចច្រើននៅក្នុងដៃ នោះនឹងទទួលបានជោគជ័យហើយ។
ជាមួយគ្នានេះ លោកបានបន្តថា ដោយសារតែបែបនេះ ទើបពេលបច្ចុប្បន្នគេបង្កើតឃ្លាថា អ្នកដែលគ្រប់គ្រងព័ត៌មានវិទ្យា ពិសេស IT នៅក្នុងពេលបច្ចុប្បន្ន ឈ្មោះថា «គ្រប់គ្រងផែនដីបានពាក់កណ្ដាល» ហើយ។
លោកបណ្ឌិត បានគូសបញ្ជាក់ថា៖ «ត្រឡប់មកព្រះបរមរតនកោដ្ឋ និងសម្តេចតេជោវិញ គឺព្រះអង្គ/នាក់ មានលក្ខណៈដូចគ្នាមួយគឺចូលចិត្តអ្នកសារព័ត៌មាន ដោយសម្ដេចព្រះនរោត្តមចូលចិត្តមានព្រះរាជបន្ធូល ព្រះរាជឱង្ការ ទៅកាន់អ្នកព័ត៌មាន ហើយសម្ដេចតេជោចូលចិត្តអ្នកព័ត៌មាន ចូលចិត្តមានប្រសាសន៍ជាមួយអ្នកព័ត៌មាន មូលហេតុអ្វី? ព្រោះអ្នកព័ត៌មានជាអ្នកនាំសារ ជាអ្នកនាំដំណឹងប្រាប់ដល់ពលរដ្ឋ ដែលនេះគឺជាចំណុចដូចគ្នា»។
ជាថ្មីម្ដងទៀត លោកបណ្ឌិត ប្រាក់ សម្ផស្ស បានបញ្ជាក់បន្ថែមថា ប៉ុន្មានអាណត្តិមកនេះ យើងអាចសង្កេតឃើញថា ឥស្សរជននៅជុំវិញ សម្ដេចតេជោ ហ៊ុន សែន មួយចំនួនធំជាអ្នកព័ត៌មាន ដែលទាំងនោះហើយជាតឹកតាងបញ្ជាក់ឱ្យឃើញថា សម្ដេចចូលចិត្តអ្នកសារព័ត៌មាន៕