(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវកប់ស្រូវ ស្ថិតនៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ប្រើមួកការពារវាយ និងធាក់ ប្លន់យកម៉ូតូ) មួយបានកើតឡើងបង្កដោយជនសង្ស័យ៧នាក់ ជិះម៉ូតូ៣គ្រឿង ធ្វើសកម្មភាពប្រើជើងធាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះ ដែលកំពុងជិះគ្នា២នាក់ បណ្តាលឲ្យដួលម៉ូតូ បន្ទាប់មកក្រុមជនសង្ស័យបានយកមួកការពារសុវត្ថិភាព ដេញវាយជនរងគ្រោះ និងគប់ត្រូវខ្នងជនរងគ្រោះម្នាក់។

លុះពេលជនរងគ្រោះរត់ចោលម៉ូតូរបស់ខ្លួន១គ្រឿង ម៉ាក SUZUKI NEX ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-4233 ជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះ បម្រុងបើកគេចចេញពីកន្លែងកើតហេតុ តែត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋាបាលចោមចៅទី៣ និងប្រជាពលរដ្ឋដែលនៅទីកន្លែងនោះ ដេញចាប់ឃាត់ខ្លួនបានម្នាក់ រីឯជនសង្ស័យផ្សេងទៀត បានជិះម៉ូតូរត់គេចខ្លួនបាត់អស់។

ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង១១៖០០នាទី ថ្ងៃដដែល ចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត (ជាអ្នកផ្តល់មធ្យោបាយឲ្យជនសង្ស័យប្រព្រឹត្តិបទល្មើស) នៅចំណុច បន្ទប់ជួលលេខ២៥៣ ផ្លូវផ្សាររំចេក ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

បន្ថែមពីនេះ សមត្ថកិច្ចជំនាញបានបន្តការស្រាវជ្រាវរហូតដល់វេលាម៉ោង ២៣៖៥០នាទី ថ្ងៃដដែល ចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ បន្ថែមទៀត នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីលោក​ ពេញ​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហន​ុ និងដោយមានការចូលរួមសហការពីកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន៥នាក់មានឈ្មោះដូចខាងក្រោម៖

*ទី១៖ ឈ្មោះ ផុន ភ័ក្រ្តា អាយុ១៨ឆ្នាំ មានទីលំនៅបន្ទប់ជួលលេខ២៥១ ផ្លូវបេតុង ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល
*ទី២៖ ឈ្មោ គង់ សាដូ អាយុ១៨ឆ្នាំ មានទីលំនៅសង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ
*ទី៣៖ ឈ្មោ មន បញ្ញា អាយុ១៨ឆ្នាំ មានទីលំនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ
*ទី៤៖ ឈ្មោ ហួត ដាវី ហៅ វីត អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌកំបូល
*ទី៥៖ ឈ្មោះ តិច លីហួរ អាយុ២១ឆ្នាំ មានទីលំនៅបន្ទប់ជួលលេខ២៥៣ ផ្លូវផ្សាររំចេក ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល។

វត្ថុតាងចាប់រកបានរួមមាន ម៉ូតូ៣គ្រឿង ម៉ាក SUZUKI NEX ពណ៌សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ1IB-4233 (ជារបស់ជនរងគ្រោះ), ម៉ាក SUZUKI NEX ស៊េរីឆ្នាំ២០២៤ ពណ៌លឿងលាយស ពាក់ផ្លាកលេខភ្នំពេញ 1KX-2932 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស) និងម៉ាក HONDA DREAM ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ គ្មានផ្លាកលេខ (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស)។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិវិធី៕