(ភ្នំពេញ)៖ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលអំណោយដ៏សប្បសធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកំពុងសំរាកថែទាំសុខភាពនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
អំណោយដ៏សប្បសធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២ ត្រូវបានលោក សេង ទៀង នាំយកទៅប្រគល់ជូន ដល់ដៃគ្រួសារកូនភ្លោះបីគ្រួសារទី៤១៩។
ទារកភ្លោះទាំងបីដែលទទួលអំណោយឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូនលើកទី៧ ដែលមានឪពុកឈ្មោះ នី ឃ្លី អាយុ៤០ឆ្នាំ ម្តាយឈ្មោះ ខា កុសល អាយុ៣៦ឆ្នាំ អ្នកទាំងពីរមុខរបរកសិករ រស់នៅភូមិក្សេត្របុរី ឃុំសន្រែ្ទ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់។ ទារកភ្លោះទាំងបីនាក់នេះ ប្រសូត្រនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ មានប្រុស២នាក់ ស្រីម្នាក់។
នៅចំពោះមុខគ្រួសារកូនភ្លោះបី លោក សេង ទៀង បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង២៥ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឬបួននាក់ ចំនួន៤១៩គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។
លោក សេង ទៀង បានបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបី ឬបួននាក់។
លោកបានណែនាំដល់មាតាបិតាកូនភ្លោះ ត្រូវបន្តតាមដានសុខភាពរបស់ទារកភ្លោះឲ្យបានដិតដល់ ប្រសិនមានអ្វីកើតឡើង សូមជំរាបជូនដំណឹងទៅកាន់ក្រុមគ្រួពេទ្យប្រចាំការ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុដល់ទារក។ លោកបានថ្លែងអំណរគុណ ជូនចំពោះក្រុមគ្រូពេទ្យទាំងអស់ នៃមន្ទីរពេទ្យកាល់ម៉ែត្រ ដែលតែងតែយកចិត្តទុកដាក់ថែទាំសុខភាព ជូនប្រជាពលរដ្ឋទាំងអស់ ដោយមិនរើសមុខ ពិសេសប្រជាពលរដ្ឋទីទល់ក្រខ្វះខាតមកពីទីជិតឆ្ងាយ។
តំណាងមាតាបិតាកូនភ្លោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលចាត់ទុកប្រជាពលរដ្ឋទីទល់ក្រងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេចទាំងទ្វេ ពោលគឺពេលនេះសម្តេចបានចាត់ឲ្យតំណាងរបស់សម្តេចបាននាំយកថវិកា និងសម្ភារៈដ៏មានតម្លៃបំផុតនេះ មកចែកជូនផ្ទាល់ដៃដល់គ្រួសាររបស់ខ្លួន ដែលប្រសូត្របានទារិកាភ្លោះបីនាក់ ដើម្បីជួយសំរាលដល់ការលំបាក់ក្នុងការចិញ្ចឹមបីបាច់ទារកភ្លោះទាំងបីនាក់នេះ ឲ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃទៀត ក្នុងសង្គម៕