(ភ្នំពេញ)៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ទីតាំងគោលទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានធ្វើសិក្ខាសាលាស្តីពី «កម្ពុជា ក្នុងយុគ្គសម័យ ឌីជីថល ស្ថានភាព ការប្រឈម និងក្តីរំពឹងទុក» ដើម្បីផ្តល់ចំណេះដឹងថ្មីៗ ដល់បុគ្គលិក-សាស្ត្រាចារ្យ និងនិស្សិតចូលរួម១២០នាក់ (ទីតាំងទួលគោក) និង៧ទីតាំងទៀតតាមរយៈ On-line (ស្ទឹងមានជ័យ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងកំពត)។
ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត កែវ ជា សាកលវិទ្យធិការរង តំណាងសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សម្តែងមតិស្វាគមន៍ចំពោះលោកបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងអធិការកិច្ច ដែលអញ្ជើញជាវាគ្មិនកិត្តិយស និងអង្គពិធីទាំងមូល។ លោកលើកឡើងពីជីវប្រវត្តិសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា មានឈ្មោះដើមថា វិទ្យាស្ថាន ឯកទេស នៃកម្ពុជា ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៩១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០២ ហើយបានកែប្រែរចនាសម្ព័ន្ធ ទៅជាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា តាមរយៈអនុក្រឹត្យរាជរដ្ឋាភិបាល លេខ០១អនក្រ.បក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៤។
សាកលវិទ្យាល័យ មាន២ទីតាំង នៅរាជធានីភ្នំពេញ និងមានសាខាចំនួន៦ ស្ថិតនៅទីរួមខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងទីរួមខេត្តកំពត ដែលមានគណៈគ្រប់គ្រង បុគ្គលិក-សាស្រ្តាចារ្យ ចំនួន១,១៨៦នាក់ (នារី១៧៧នាក់) បាននិងកំពុងធ្វើការបណ្តុះបណ្តាលនៅក្នុងមហាវិទ្យាល័យចំនួន៥គឺ ១៖ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ២៖ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ, ៣៖ មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសា, ៤៖ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ៥៖ មហាវិទ្យាល័យវិស្វកម្ម មានអាគារសិក្សាសរុបចំនួន៩អាគារ បន្ទប់សិក្សាចំនួន២៤៥ សាលសន្និសីទចំនួន៩ សាលតុលាការ ប្រឌិតចំនួន១ បណ្ណាល័យចំនួន៨ បន្ទប់អនុវត្តភាសាចំនួន៩ បន្ទប់បណ្តុះបណ្តាលព័ត៌មានវិទ្យា ចំនួន៩មានកុំព្យូទ័រ ចំនួន៥៣០គ្រឿង LCD Projectors ចំនួន២១០គ្រឿង។
សាកលវិទ្យាល័យ មានបណ្តុះបណ្តាលចាប់ពីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត មាននិស្សិតកំពុងសិក្សាសរុបចំនួនជិត៥០,០០០អង្គនាក់ ព្រមទាំងមានជ័យលាភី ត្រូវបានទទួលសញ្ញាបត្របញ្ចប់ការសិក្សាមានចំនួន៨លើក នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានាបច្ចុប្បន្ន និង១លើក នៅក្រុងបាត់ដំបងក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ថ្រីក្រសួងមហាផ្ទៃ ព្រមទាំង១លើកទៀត នៅក្រុងសៀមរាបក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាសៀមរាប។
បើគិត២០០៣-២០០៤ ដល់ឆ្នាំសិក្សា២០២៣-២០២៤ និស្សិតគ្រប់កម្រិតបានបញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សរុបចំនួន៥០,៣៤៦នាក់ (នារី១៦,៧៥៨នាក់ ស្មើ៣៣,២៨%)។
ទន្ទឹមនឹងនេះ មាននិស្សិតកំពុងសិក្សាគ្រប់កម្រិត គ្រប់ទីតាំង និងសាខា សរុបចំនួន១១,៧៤៧នាក់ (នារី៥,៧៨៨នាក់ ស្មើ៤៩.២៧%) និងបានរួមចំណែកយ៉ាងសកម្មជាមួយសាកលវិទ្យាល័យ ក្នុងការចូលរួមសកម្មភាពសង្គមដូចជាសកម្មភាពយុវជន ស.ស.យ.ក សកម្មភាពយុវជន កាយឫទ្ធិកម្ពុជា និងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា។
ក្នុងដំណាក់ការជំងឺរាតត្បាតកូវីដ១៩ ដែលគ្រឹះស្ថានសិក្សានានាក្នុងសកលលោក ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវផ្អាកដំណើរការសិក្សាដោយផ្ទាល់ និងតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា គ្រប់ទីតាំង និងសាខា បានធ្វើបរិវត្តកម្មទៅធ្វើការអប់រំឌីជីថល ដោយខិតខំពង្រឹងខ្លួន តាមរយៈការបំពាក់ប្រព័ន្ធ និងធនធានបច្ចេកវិទ្យា ព្រមទាំងការពង្រឹងសមត្ថភាពបុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបំពេញការងារ បង្រៀន រៀន ស្រាវជ្រាវ បានជោគជ័យល្អប្រសើរ។
សាកលវិទ្យាល័យ បានចុះអនុស្សរណៈយោគយល់ ជាមួយសាកលវិទ្យាល័យ និងស្ថាប័ន បរទេស ចំនួន៥៦ រួមមាន កូរ៉េ ខាងត្បូង ចិន ជប៉ុន ថៃឡង់ អង់គ្លេស ហ្វីលីពីនបង់ក្លាដេស ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម និងអ៊ីស្រាអែលជាដើម និងបានចូលរួមវេទិកា និងសន្និសីទ អន្តរជាតិធំៗ ក្នុងវិស័យអប់រំ មាន ជាអាទិ៍ សន្និសីទ ប្រចាំឆ្នាំស្តីពីអ្នកដឹកនាំ អាជីពក្នុង វិស័យអប់រំ នៃតំបន់អាស៊ីប៉ាស៊ីហ្វិក វេទិកាថ្នាក់ដឹកនាំសាកល វិទ្យាល័យប្រចាំតំបន់អាស៊ី AUPF ដែលទាក់ទងជាមួយការធានាគុណភាព អប់រំរបស់បណ្តាញសាកលវិទ្យាល័យប្រចាំ តំបន់ អាស៊ី អាគ្នេយ៍ជាដើម។
ក្រៅពីនេះដើម្បីជួយនិស្សិតងាយស្រួល រកកន្លែងហាត់ការ ធ្វើកម្មសិក្សា ការងារ ស្ម័គ្រចិត្ត និងរកការងារ ធ្វើសាកលវិទ្យាល័យបានចុះអនុស្សរណៈយោគយល់ ជាមួយបណ្តាក្រុមហ៊ុន និងស្ថាប័ននានា ក្នុងស្រុក ចំនួន៥៤៣នៅទូទាំងប្រទេស ហើយនឹងបន្តជំរុញឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត និងបានបញ្ជូននិសិ្សត ចុះកម្មសិក្សាដល់ការដ្ឋានការងារ ជាក់ស្តែងតាមកម្មវីធីជាក់លាក់ទៀតផង។
ដើម្បីពង្រឹងជំនាញ បណ្តុះគំនិតសហគ្រិន ដល់និស្សិត សាកលវិទ្យាល័យតែងបានអញ្ជើញអ្នកជំនាញតាមវិស័យការងារ ដែលមានបទពិសោធន៍ខ្ពស់ជាច្រើន មកធ្វើបាឋកថា សន្និសីទ សិក្ខាសាលា ជូនដល់និស្សិត ក៏ដូចនៅថ្ងៃនេះ សាកលវិទ្យាល័យបានអញ្ជើញ លោកបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងអធិការកិច្ច មកធ្វើជាវាគ្មិនកិត្តិយស ធ្វើបាឋកថាស្តីពី កម្ពុជាក្នុងយុគ្គសម័យ ឌីជីថល ស្ថានភាព ការប្រឈម និងក្តីរំពឹងទុក ដែលពាក់ព័ន្ធអំពី ១៖ យុគសម័យឌីជីថល? ២៖ បដិវត្តន៍ឧស្សាហកម្មតាមរយៈបច្ចេកវិទ្យា ៣៖ កម្ពុជាបានត្រៀមអ្វីខ្លះ? ៤៖ ស្ថានភាពថ្មីក្នុងសម័យឌីជីថល ៥៖ ការប្រឈមមួយចំនួន ៦៖ ការរំពឹង។
សិក្ខាសាលានេះ ជំរុញដល់និស្សិតទាំងត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា បច្ចេកវិទ្យាឌីជីថល ពីព្រោះបច្ចុប្បន្ននិន្នាការសិក្សាពិភពលោកដំណើរឆ្ពោះទៅបរិវត្តកម្មអប់រំឌីជីថល សេដ្ឋកិច្ចឌីជីថល ឧស្សាហកកម្មឌីថល ដោយការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល កាន់តែកើនឡើង និងពេញនិយម ដូចជា ទូរស័ព្ទឆ្លាត អ៊ីនធ័រណិត បណ្តាញសង្គម គេហទំព័រ។ល។ ការយកបច្ចេកវិទ្យាឌីជីថល ប្រើប្រាស់ដើម្បីបង្កើនប្រសិទ្ធភាពការងារ រកទីផ្សារ និងការងារ បង្កើតនវានុវត្តន៍ ការផ្សព្វផ្សាយជាដើម ក្នុងការរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍សម្រាប់សាមីខ្លួន គ្រួសារ ស្ថាប័ន សង្គមជាតិ។ បច្ចេកវិទ្យាឌីជីថលជាកត្តាលីករគន្លឹះមួយជួយជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងមានប្រសិទ្ធភាពខ្ពស់។
តាមគម្រោងអភិវឌ្ឍន៍ នៅទីតាំងគោលរាជធានីភ្នំពេញ នឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងមាំយូរ អង្វែង របស់ខ្លួនព្រមទាំងការអភិវឌ្ឍ ផ្សេងៗទៀតលើផ្ទៃដី ដែលបានបម្រុងទុកជាង១០ហិកតា នៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ និង២៥ហិកតាទៀត ស្ថិតនៅសង្កាត់ឪឡោក ខណ្ឌកំបូល ឲ្យបានមុនឆ្នាំ២០២៧ នាខួប២៥ឆ្នាំ រីឯសាខាដទៃទៀត ក៏នឹងអភិវឌ្ឍន៍បន្ថែមជាបន្តបន្ទាប់ នៅលើផ្ទៃដីដែលបានបម្រុងទុករួចហើយ៕