(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្ត ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងបំណុលសាធារណៈរបស់កម្ពុជា។
រាជរដ្ឋាភិបាលយល់ច្បាស់ពីសារៈសំខាន់ និងតួនាទីនៃការគ្រប់គ្រងបំណុលសាធារណៈ ក្នុងការរួមចំណែក គាំទ្រការអនុវត្តគោលនយោបាយសារពើពន្ធ, ការគ្រប់គ្រង និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ការជំរុញអភិវឌ្ឍវិស័យ ហិរញ្ញវត្ថុ, ការពង្រីកមូលដ្ឋានសេដ្ឋកិច្ច, ការអភិវឌ្ឍតាមវិស័យអាទិភាព និងការទ្រទ្រង់ចីរភាពកំណើនក្នុងរយៈពេលវែង។
តាមរយៈនេះដោយឈរលើគោលការណ៍គន្លឹះ ដែលបានប្រកាន់ខ្ជាប់តាំងពីឆ្នាំ១៩៩៣មក រាជរដ្ឋាភិបាលបានអនុម័ត និងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈចំនួន ៣លើករួចមកហើយ ក្នុងនោះ៖ លើកទី១ សម្រាប់ឆ្នាំ២០១១-២០១៨, លើកទី២ សម្រាប់ឆ្នាំ២០១៥ - ២០១៨ ដែលជាការធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រ លើកទី១, និងលើកទី៣ សម្រាប់ឆ្នាំ២០១៩ - ២០២៣ ស្របតាមអាណត្តិរបស់រាជរដ្ឋាភិបាល។
ប្រសិទ្ធភាពនៃការគ្រប់គ្រងបំណុលសាធារណៈរបស់កម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តធំៗ ដែលជាជន្ទល់នៃសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាអាទិ៍៖ ផ្លូវថ្នល់, ស្ពាន, ផ្លូវដែក, កំពង់ផែ, អាកាសយានដ្ឋាន, រោងចក្រផលិតថាមពលអគ្គិសនី, បណ្តាញបញ្ជូន និងចែកចាយ ថាមពលអគ្គិសនី, ស្ថានីយ៍ផលិតនិងបណ្តាញផ្គត់ផ្គង់ទឹកស្អាត, ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់, ប្រព័ន្ធធារាសាស្ត្រ, មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ, ការលើកកម្ពស់គុណភាពអប់រំ និងការផ្តល់សេវាសុខាភិបាល ជាដើម។
ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលជាទីមោទនៈនេះ, រាជរដ្ឋាភិបាលពិនិត្យឃើញថា ស្ថានការណ៍ នយោបាយសកលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតែបន្តមានភាពផុយស្រួយ និងប្រឈមនឹងភាពតានតឹង ខ្លាំងឡើង ដែលអាចជះឥទ្ធិពលដល់និន្នាការសេដ្ឋកិច្ចទាំង ក្នុងកម្រិតសកល, តំបន់, និងប្រទេស ឱ្យកាន់តែមានភាពស្មុគស្មាញ និងពិបាកព្យាករណ៍ ខណៈដែលបញ្ហាបំណុលបាននិងកំពុងក្លាយជាកង្វល់របស់ប្រទេសនានាលើសកលលោក។
ឆ្លើយតបទៅនឹងសភាពការណ៍ខាងលើ និងក្នុងបរិការណ៍នៃការវិវត្តន៍ឈានឡើង ជាលំដាប់នៃសង្គម-សេដ្ឋកិច្ច កម្ពុជា ព្រមទាំងដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១, រាជរដ្ឋាភិបាល សម្រេចដាក់ឱ្យ អនុវត្តនូវ «យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤ -២០២៨» ដោយនឹងត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់ និងអាចមានភាពបត់បែនតាមសភាពការណ៍ពិភពលោក, តំបន់, និងបរិការណ៍ របស់កម្ពុជា នូវគោលការណ៍គន្លឹះទាំង៥ ដែលរួមមាន៖
១៖ ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន
២៖ ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះ
៣៖ ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាព នៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម:
៤៖ ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធភាពខ្ពស់បំផុត
៥៖ ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទាន គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ នៅក្នុងដំណាក់កាលថ្មី ពិសេស ធានាបាននូវចីរភាព សេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
យុទ្ធសាស្ត្រនេះ ដាក់ចេញនូវបណ្តាវិធានការគន្លឹះជាអាទិភាព ក្នុងគោលបំណងធានានូវប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ រួមទាំងមូលបត្ររដ្ឋ សំដៅរួមចំណែកបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែង ដែលជាមូលដ្ឋានគ្រឹះក្នុងការ រក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅសម្រេចបង្គោលចរឆ្នាំ២០៣០ និង ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕
ចុចអានទីនេះ៖ https://t.me/freshnewsasia/199411