(ភ្នំពេញ)៖ ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជាសំណង់អគារនិម្មាបនកម្មស៊ីវិល័យសម័យទំនើប ឈរយ៉ាងស្កឹមស្កៃលើទឹកដីអច្ឆរិយ ក្រោមម្លប់សន្តិភាពនាសម័យសម្តេចតេជោអគ្គមគ្គុទ្ទេសក៍ឯក និងជាស្ថាបនិកនយោបាយឈ្នះ-ឈ្នះនៃកម្ពុជា ជាបុព្វាធិការីដែលយកជីវិតជាដើមទុន ដើម្បីភាពសុខសាន្តត្រាណ និងវឌ្ឍនភាពនៃទឹកដីជាតិមាតុភូមិ និងប្រជាពលរដ្ឋ។
ឆ្លងចូលមកដល់សម័យថ្នាក់ដឹកនាំជាបញ្ញវន្ត ដែលត្រូវបានទទួលស្គាល់ និងគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាជាតិខ្មែរនិងបរទេស ដែលជាសន្ធានការីប្រកបដោយកតញ្ញុតាប្រាជ្ញាគតិបណ្ឌិត ព្រះរាជបណ្ណាល័យហ្លួងម៉ែ ជាកញ្ចក់ឆ្លុះឲ្យឃើញនូវសមិទ្ធផលជាសារវន្តដូចខាងក្រោម៖
- ជានិមិត្តរូបនៃការគោរពចំពោះវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារសង្គ្រាម អាណានិគម សង្គ្រាមស៊ីវិល (សង្គ្រាមមនោគមន៍) និងអំពើប្រល័យពូជសាសន៍
- ជានិមិត្តរូបនៃមនសិការជាតិប្រកបដោយកតញ្ញូកតវេទីចំពោះដូនតាខ្មែរ ដែលបានបន្សល់ទុកនូវទឹកដីអរិយធម៌ វប្បធម៌ សាសនា ប្រពៃណី និងសង្គមជាតិ
- ជានិមិត្តរូបនៃបដិការគុណចំពោះពលិកម្មរបស់វីរជន យុទ្ធជន ដូនតា និងព្រលឹងអធិធម្មជាតិ
- ជានិមិត្តរូបនៃការការពារសិទ្ធិ ស្វែងរកយុត្តិធម៌ជូនជនរួមឈាមដែលបានស្លាប់យ៉ាងអនោចអធមក្នុងរបបអារញ្ញវាសី ៣ឆ្នាំ៨ខែនិង២០ថ្ងៃ
- ជានិមិត្តរូបនៃទឡ្ហីករណ៍សមត្ថភាព គំនិត ប្រាជ្ញាញាណ និងពលានុភាពខេមរាបច្ឆាជនជំនាន់ថ្មី (យុវជន) អាចធ្វើបាន
- ជាភស្តុតាងនៃសាមគ្គីភាពក្រោមរដ្ឋធម្មនុញ្ញតែមួយ មហាស្វេតច្ឆត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ ដើម្បីរក្សាសន្តិភាព និងអភិវឌ្ឍន៍
- ធ្វើនវានុវត្តកម្មពីបុព្វការី (មនុស្សជំនាន់មុន) មកសន្ធានការី (មនុស្សជំនាន់ថ្មី) ស្របតាមសត្យានុម័តភាពនៃសង្គម ក្នុងបរិបទសកលូបនីយកម្មសង្គម
- ស្តម្ភនៃកិត្យានុភាព ដែលពុំធ្លាប់មានពីបុព្វកាល ទាំងក្នុងប្រទេសនិងពិភពលោកដែលដូនតាបានបន្សល់ទុកនូវសម្បត្តិបេតិកភណ្ឌឲ្យកូនខ្មែរជំនាន់ក្រោយឯព្រះរាជបណ្ណាល័យហ្លួងម៉ែ ជាបណ្ដុំឯកសារប្រាជ្ញាស្មារតីសម្រាប់មនុស្សជំនាន់ថ្មី និងជំនាន់បន្តបន្ទាប់
- ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជារតនសម្បត្តិជាតិដ៏សំខាន់ជាប្រវត្តិសាស្ត្រ។ ព្រះរាជបណ្ណាល័យហ្លួងម៉ែ មិនគួរគ្រាន់តែជានិមិត្តរូបនៃការបែកបាក់របស់ប្រទេសកម្ពុជាពី ៣ឆ្នាំ៨ខែនិង២០ថ្ងៃ នៃអំពើប្រល័យពូជសាសន៍តែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអបអរសាទរប្រវត្តិសាស្រ្តដ៏មោទនភាពដែលលាតសន្ធឹងដល់ព្រះបាទជ័យវរ្ម័នទី២ ដែលបានបង្កើតអាណាចក្រខ្មែរដ៏អស្ចារ្យនៅក្នុងសតវត្សទី៩។
ព្រះរាជបណ្ណាល័យហ្លួងម៉ែមានអគារចំនួន៥ ដែលមានឈ្មោះដូចខាងក្រោមនេះ៖
ទី១. សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លែថ្នូរ និងសុភមង្គល
ទី២. ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ទី៣. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ទី៤. សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ទី៥. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
* ខ្លឹមសារអត្ថានុរូបនៃនិមិត្តសញ្ញាព្រះរាជបណ្ណាល័យហ្លួងម៉ែ
ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជាសមុច្ច័យនិម្មាបនកម្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងវិទ្យាស្ថានស្លឹករឹត ដែលមិនត្រឹមតែជាបូជនីយដ្ឋានរំឭកមួយប៉ុណ្ណោះទេ។ ក្រោយបញ្ចប់ការសាងសង់ ប្រជាជនកម្ពុជានឹងមានស្ថាប័នជាមត៌កមួយ ដែលដើរតួនាទីជាសារមនី្ទររំឭក មជ្ឈមណ្ឌលស្រាវជ្រាវនិងអប់រំពីអំពើប្រល័យពូជសាសន៍ និងជាបណ្ណសារផ្ទុកឯកសារអេឡិចត្រូនិច ដោយមុខងារទាំងអស់នេះនឹងស្ថិតនៅក្នុងបរិវេណតែមួយ។ ក្រោយពេលចាប់ផ្តើមដំណើរការពេញលេញ ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជាអគារពហុមុខងារមួយ។ ព្រះរាជបណ្ណាល័យហ្លួងម៉ែ នឹងរៀបចំជាសិក្ខាសាលាជាន់ខ្ពស់កម្រិតអន្តរជាតិ និងទស្សនកិច្ចផ្លូវរដ្ឋដោយផ្តោតជាសំខាន់ទៅលើប្រធានបទលំដាប់ជាតិនិងអន្តរជាតិ។ ព្រះរាជបណ្ណាល័យហ្លួងម៉ែមានវិសាលភាពនៃគោលបំណងពហុវិស័យមានជាអាទិ៍ បដិការគុណ អារ្យធម៌ មនុស្សជាតិ ព្រលឹង សហគមន៍ សេដ្ឋកិច្ច និងសន្តិភាពក្នុងគ្រួសារ បុគ្គល និងមនុស្សជាតិកម្ពុជា។
* ខ្លឹមសារអត្ថានុរូបនៃនិមិត្តសញ្ញា
១. កញ្ចក់បីផ្ទាំង
កញ្ចក់បីផ្ទាំង ត្រូវបានចម្លងចេញពីទម្រង់ស្តូបអនុស្សាវរីយ៍បុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ ស្តូបអនុស្សាវរីយ៍បុរីអូរស្វាយនេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៦៣ដល់ឆ្នាំ១៩៦៧ ក្រោមស្នាព្រះស្ដព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបំណងការពារបូរណភាពទឹកដីនាភាគខាងជើង ដែលជាប់នឹងប្រទេសលាវ។ លើស្តូបមានព្រះឆាយាល័ក្ខណ៍៤ បែរទៅទិសធំៗទាំង៤ បង្ហាញពីព្រះរាជសកម្មភាពព្រះបរមរតនកោដ្ឋ។ ស្តូបនេះមានរាងអដ្ឋកោណ ប្រសិនបើមើលចំផ្ទៃណាមួយនោះ នឹងឃើញផ្ទៃទៀតអមសងខាង ដែលតំណាងឲ្យកញ្ចក់ពីរបីផ្ទាំងដែលកំពុងឆ្លុះបញ្ចាំងអំពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។
* ស្លឹករឹត និងដែកចារ
ស្លឹករឹត ឬវានៈ គឺជាអ្នកថែរក្សាចំណែកដែកចារជាអ្នកកត់ចំណាំ។ ទាំងពីរនេះពុំអាចឃ្លាតគ្នាបានឡើយ ខ្វះមួយណាក៏មិនបាន។ ស្លឹករឹត និងដែកចារ ជានិមិត្តរូប ដ៏សំខាន់មួយដែលបានដើរតួនាទីចូលរួមថែរក្សាកេរ្តិ៍មត៌ក វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីតាំងពីបុរាណកាលមកម្ល៉េះតាមរយៈសំណេរ។ ស្លឹករឹត ឬវានៈ និងដែកចារ គឺជានិមិត្តរូបសំខាន់ដែលតំណាងឲ្យបញ្ញា និងចំណេះដឹង ដែលជាអ្នកបណ្ដុះបំភ្លឺដល់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយឲ្យមានចំណេះវិជ្ជា មានសេចក្ដីថ្លៃថ្នូរ ជាប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់។
* ក្បាច់អង្គរ (អតីតកាល)
ទម្រង់ក្បាច់អង្គរតែងតែឃើញមាននៅលើប្រាង្គប្រាសាទបុរាណ មានទម្រង់កួចបត់ចុះឡើងទៅតាមរូបរាងផ្សេងៗ គួបផ្សំជាមួយពណ៌សម្បុរថ្មប្រាសាទផងនោះ ហាក់បីដូចជាធម្មជាតិ ឬរុក្ខជាតិដែលមានសភាពក្រៀមក្រោះ មានភាពសោកសៅនឹងរឿងអ្វីមួយ។ ការប្រកាន់ឆ្វេង សំដៅលើភាពអវិជ្ជមាន អយុត្តិធម៌ ភាពលំអៀង មិនល្អត្រឹមត្រូវ។ ដូច្នេះក្បាច់ភ្ញីទេសស្ថិតនៅខាងឆ្វេង ជាតំណាងឲ្យភាពមិនល្អនៃរឿងអតីតកាលដែលកន្លងផុតជាយូរមកហើយ តែនៅបន្សល់ការចងចាំរហូតដល់បច្ចុប្បន្ន។
* ក្បាច់ភ្ញីទេស (អនាគតកាល)
ភ្ញីទេសជាទម្រង់ក្បាច់ដែលកម្លាយចេញពីរុក្ខជាតិពិត រត់ជាចង្វាយព័ទ្ធឡើងទៅតាមរៀងផ្សេងៗមានដើម ស្លឹក ត្រួយ ផ្កា ផ្លែជាដើម មើលទៅហាក់បីដូចជារុក្ខជាតិពិត។ ភ្ញីទេសសំដៅលើភាពស្រស់បំព្រង ភាពចម្រុងចម្រើន រីកលូតលាស់ ជឿនលឿនតទៅមុខជានិរន្តរ៍។
ការប្រកាន់ស្តាំ គឺសំដៅលើភាពវិជ្ជមាន យុត្តិធម៌ ភាពល្អបរិសុទ្ធ ភាពត្រឹមត្រូវ។ ក្បាច់ភ្ញីទេសស្ថិតនៅខាងស្តាំ ជាតំណាងឲ្យការអភិវឌ្ឍនាំឲ្យមានភាពចម្រុងចម្រើន លូតលាស់តទៅថ្ងៃអនាគត ផ្តល់ឲ្យកូនចៅជំនាន់ក្រោយទទួលបាន សេចក្តីសុខសប្បាយ និងមោទកភាព។
* ផ្កាចម្ប៉ា
ផ្កាចម្ប៉ាជាផ្កាមួយប្រភេទក្នុងចំណោមប្រភេទផ្កាទាំងអស់ដែលហ្លួងម៉ែទ្រង់សព្វព្រះរាជហឫទ័យ តែងតែដាក់ថ្វាយព្រះបរមរតនកោដ្ឋ។ កាលដែលដាក់និមិត្តរូបផ្កាចម្ប៉ាក្នុងបណ្ដុំផ្កាកុលាបនេះ មានន័យជាការនឹករឭកមិនដាច់អាល័យពីព្រះបរមរតនកោដ្ឋ។
* ផ្កាកុលាបស
ផ្កាកុលាបពណ៌ស គឺជាផ្កាមួយប្រភេទក្នុងចំណោមប្រភេទផ្កាទាំងអស់ ដែលហ្លួងម៉ែទ្រង់សព្វព្រះរាជហឫទ័យជាងផ្កាដទៃទៀត។ ផ្កាកុលាបពណ៌ស បញ្ជាក់អត្ថន័យនៃភាពស្មោះត្រង់ បរិសុទ្ធ គ្មានកំហុស និងការចាប់ផ្តើមជាថ្មី។ បើយោងតាមអត្ថបទក្នុងគេហទំព័រ ធីតាតូរឺ បកប្រែចេញពីឯកសារបរទេស ផ្កាកុលាបពណ៌ស បង្ហាញដល់សេចក្តីស្រឡាញ់ដែលស្រស់ស្អាត ល្អបរិសុទ្ធ គួរឲ្យចង់ថ្នាក់ថ្នម ដោយមិនគិតទេថាក្តីស្រឡាញ់ដែលប្រគល់ឲ្យនោះបានការតបស្នង ឬអត់។ កុលាបពណ៌ស ត្រូវបាននិយមប្រើដើម្បីបង្ហាញពីក្ដីស្រឡាញ់ស្មោះសររបស់ ខ្លួនដូចជាកូនចៅជូនចៅហ្វាយនាយ សិស្សជូនគ្រូបាធ្យាយ កូនជូនឪពុកម្តាយ។
* ក្រឡាស់អាវ និងខ្សែបូ
ក្រឡាស់អាវ គឺជាគ្រឿងលម្អលើអម្ពរពស្ត្រារបស់ព្រះមហាក្សត្រដែលគ្រងត្រង់ព្រះឱរាខាងឆ្វេង រាល់ពេលមានព្រះរាជពិធីធំៗ។ ក្រឡាស់អាវនេះ គឺជានិមិត្តរូបនៃក្តីស្រឡាញ់ មេត្តាអាណិត សន្តោសប្រោសប្រណីនៃព្រះមហាក្សត្រដែលអត្ថន័យពណ៌ជាម្លប់ដ៏ត្រជាក់ទៅដល់ប្រជានុរាស្ត្រ ដែលជាកូនចៅ ចៅទួត។ រីឯខ្សែបូក្រវាត់ព័ទ្ឋជុំវិញកញ្ចក់ទាំងបីផ្ទាំង ជាតំណាងឲ្យសេចក្តីស្រឡាញ់របស់ព្រះមហាក្សត្រនៅគ្រប់ស្ថានការណ៍ ទាំងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។
* កម្រាលព្រំ
កម្រាលព្រំ តំណាងឲ្យការអណ្ដែតឡើងនូវកិត្តិនាម ភាពល្បីរន្ទឺ ភាពខ្ពង់ខ្ពស់ ឧត្តុងឧត្តម ការលើកបង្ហាញឲ្យសកលលោកបានឃើញ បានដឹង និងបានស្គាល់៕