Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថវិកាប្រមាណ៤៦០០ដុល្លារ បានមកពីកម្មវិធីតន្រ្តីសប្បុរសធម៌របស់សាកលវិទ្យាល័យន័រតុន ច្រៀងដោយកញ្ញា សុខ ពិសី ត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានៅថ្ងៃនេះ

26-09-2016 18:36

(ភ្នំពេញ)៖ តារាសិល្បៈល្បីៗមួយចំនួន រួមមាន កញ្ញា ទេព បូព្រឹក្ស, កញ្ញា ពេជ្រ អាវីហ្សា, អ្នកនាង មាស សម្ផស្ស, អ្នកនាង ស៊ុន ណារីម៉ូនីកា អ្នកនាង ប៉េង ប៉ោង និងតារាល្បីៗជាច្រើននាក់ទៀត បានប្រគល់ថវិការបស់មូនិធិនិស្សិតពេទ្យន័រតុនចំនួន៤៦៩៤ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នេះ នៅមន្ទីរពេទ្យគន្ធបុប្ផាទី៤ ជិតវត្តភ្នំ។

ថវិកាដែលតារាល្បីៗ បានប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផានៅរសៀលថ្ងៃនេះ បានមកពីមូលនិធិរបស់និស្សិតពេទ្យនៅសាកលវិទ្យាល័យន័រតុន ដែលរៃអង្គាសពីការរៀបចំកម្មវិធីតន្រ្តីសប្បុរសធម៌​ ច្រៀងដោយតារាចម្រៀងសាន់ដេដ៏ល្បីគឺ កញ្ញា សុខ ពិសី និងបានពីការរៃអង្គាសពីសិស្ស-និស្សិត សិក្សា នៅសាកលវិទ្យាល័យន័រតុន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ។

តារាចម្រៀងសាច់ស​ខ្ចី សំដីផ្អែមត្រជាក់​អង្រួនចិត្ដ យុវវ័យរបស់កម្ពុជា កញ្ញា សុខ ពិសី បានបង្ហា​ញចំណាប់អារ​ម្មណ៍ថ្លែងប្រាប់អង្គភាព Fresh News និង Khmertalking ឲ្យដឹងនៅរសៀលថ្ងៃនេះថា «ខ្ញុំ​សុខចិត្ត​លះបង់ការងារ​​គ្រប់យ៉ាង​​ មក​ចូលរួម​ក្នុង​កម្មវិធី​ប្រគំតន្ត្រី​ ដើម្បី​រក​ថវិកា​ជួយ​ពេទ្យ​គន្ធបុប្ផា ​ព្រោះនេះ​ការងារមាន​តម្លៃ​​​សម្រាប់​សង្គម​ ពិសេស​ជួយដល់​កុមារ​​កម្ពុជា!»​។

តារារូបស្រស់​សំដីផ្អែម​ មានពីរោះក្រអៅក្រអូនរូបនេះ បានបន្ថែមថា «មន្ទីរ​ពេទ្យគន្ធបុប្ផានេះ បាន​ជួយ​ព្យាបាល​កុមារកម្ពុជា ​ដោយ​មិន​យកប្រាក់ ដូច្នេះខ្ញុំ​ចង់​ចូល​រួម​ ជួយ​​​តាម​លទ្ធភាព​ គឺដោយមិន​យក​ប្រាក់ឡើយ ហើយបើលើកក្រោយ​​មាន​កម្មវិធីនេះទៀត ខ្ញុំក៏រីករាយ​នឹងបន្តចូលរួមផងដែរ ព្រោះជាការស្រឡាញ់ចូលចិត្ដរបស់ខ្ញុំ ទោះគ្មានអ្វីជួយគាត់ច្រើន តែខ្ញុំនឹងប្រឹងប្រែង ដើម្បីជួយដល់ពួកគាត់ឲ្យបានច្រើន តាមរយៈការរួមចំណែក ជាមួយមន្ទីរពេទ្យគន្ធបុប្ផា និងកម្មវិធីសប្បុរសផ្សេងៗទៀត!»។

សុខ ពិសី បានបញ្ជាក់ទៀតថា «នេះមិនមែនជាលើកទី១​ សម្រាប់ខ្ញុំទេ គឺខ្ញុំតែងតែចូលរួមគ្រប់​កម្មវិធីសប្បុរសទាំងអស់ ដោយមិនយកប្រាក់កម្រៃឡើយ ឲ្យតែបានជួយដល់កុមារ និងប្រជាពលរដ្ឋ ដែលក្រខ្សត់គ្រប់ទីកន្លែង ឲ្យតែកម្មវិធីសប្បុរសធម៌ ដើម្បីជួយពួកគាត់ គឺខ្ញុំសុទ្ធចិត្ដលះបង់ ការងារ និងពេលវេលាដើម្បីជួយដល់បងប្អូន ខ្មែរយើង»

យ៉ាងណាក៏ដោយ តំណាងក្រុមការងាររៀបចំកម្មវិធីសប្បុរសធម៌ កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងមកនេះ លោក ផាត់ តារារដ្ឋ បានសម្តែងការសោកស្តាយ ដែលថវិកាទទួលបានលើកនេះ មិនបានច្រើនតាមការរំពឹងទុក ដោយសារតែមានភ្លៀង នៅពេលរៀបចំកម្មវិធី។ តែក្រុមការងារ បានប្រកាសថា កម្មវិធីសប្បុរសធម៌មួយនេះ នឹងរៀបចំជាថ្មីម្តងទៀត នៅខែមេសា ឆ្នាំ២០១៧ ដោយកម្មវិធីគ្រោងរៀបចំនៅពេលខាងមុខនេះ មានទ្រង់ទ្រាយធំជាងមុន និងមានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗជាច្រើននាក់ចូលរួមផងដែរ៕