(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋ បានចាត់ឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារកងពលតូច (ង៧០) បានធ្វើសកម្មភាព ចុះបាញ់ថ្នាំសម្លាប់មូស នៅតាមមូលដ្ឋានភូមិ សង្កាត់ និងសហគម ក្នុងរាជធានី ត្រូវបានបញ្ចប់ហើយ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារកងពលតូច (ង៧០) បានចុះបាញ់ថ្នាំសម្លាប់មូស នៅតាមសង្កាត់ទាំង១០៥ នៃខណ្ឌទាំង១៤ បានបញ្ចប់រួចរាល់ហើយ។
សូមជម្រាបថា លោក ឃួង ស្រេង បានឲ្យមន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៧ សហការជាមួយកងទ័ពអង្គភាព ង៧០ និងរដ្ឋបាលខណ្ឌទាំង១៤ ចុះបាញ់ថ្នាំសម្លាប់មូសនៅតាមសង្កាត់ទាំង១០៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តាមការណែនាំពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ទៅលើសុខមាលភាពប្រជាពលរដ្ឋ៕