(សៀមរាប)៖ អ្នកស្រី ចិក ចន្ទី ចៅសង្កាត់រងក្របីរៀល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលដាំបន្លែទាំងអស់ ចូលរួមដាំបន្លែសុវត្ថិភាព ទៅតាមបច្ចេកទេសរបស់អង្គការ AgriSud ដែលបានបង្ហាត់បង្រៀន ដើម្បីទទួលបានការគាំទ្រកាន់តែច្រើនពីប្រជាពលរដ្ឋ។

អ្នកស្រីបន្តថា ចំពោះប្រជាកសិករមួយចំនួនទៀត ដែលមិនទាន់បានចូលក្នុងគម្រោងរបស់អង្គការ សូមសួរនាំពីប្រជាពលរដ្ឋដែលនៅជិតខាងពីរបៀបដាំបន្លែសុវត្ថភាព ដើម្បីទទួលបានតម្លៃសមរម្យដែលយើងអាចទទួលយកបាន។

ការអំពាវនាវយ៉ាងដូច្នេះរបស់អ្នកស្រី ចិក ចន្ទី ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅមើលពីការដាំបន្លែសុវត្ថភាព របស់ប្រជាកសិករនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ព្រមទាំងការផលិតភេសជ្ជៈ និងស្រា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះ ដែលរៀបចំឡើងដោយអង្គការ AgriSud សហការដោយអាជ្ញាធរខេត្តសៀមរាប និងសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាព និងធានាសន្តិសុខស្បៀងនៃផលិតផលកសិកម្ម និងមានបំណងរួមចំណែកពង្រីកសកម្មភាពកសិ-ទេសចរណ៍ នៅក្នុងតំបន់ជុំវិញទីក្រុងសៀមរាប។

អ្នកស្រីបានបន្តថា ប្រជាពលរដ្ឋនៅក្នុងសង្កាត់ក្របីរៀល ប្រហែល៥០ទៅ៦០ភាគរយដែលដាំបន្លែ ដោយសារសង្កាត់ក្របីរៀលស្ថិតនៅក្បែនឹងក្រុងសៀមរាប ដូច្នេះហើយប្រជាកសិកដាំបន្លែដើម្បីផ្គត់ផ្គងទៅលើទីផ្សារមានច្រើន។

អ្នកស្រីបន្តថា អង្គការ AgriSud បានចុះមកសហការតាំងពីឆ្នាំ២០១១មក ហើយបានជួយដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់នេះជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន និងបានសហការគ្នាបង្កើតជាសហគមអ្នកដាំបន្លែសុវត្ថភាព និងបានជួយរកទីផ្សារផងដែរ។ សហគមក៏បានបង្កើតទីតាំងផលិតភេជ្ជៈ និងស្រា ក្នុងនោះដែរ សមាគមក៏បានពង្រីកទីតាំងជាច្រើននៅភ្នំគូលែន មានដូចជា៖ ការផលិតប្រេងស្លឹកគ្រៃ និងការផលិតរបស់សម្ងួត ដែលធ្វើឲ្យសមាគមដំណើរការរហូតមកដល់សព្វថ្ងៃនេះ។

អ្នកស្រីក៏បានថ្លែងអំណរគុណដល់អង្គការ AgriSud ដែលបានជួយដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ក្របីរៀល ព្រោះនៅពេលអង្គការចូលមកធ្វើឲ្យប្រជាពលរដ្ឋគាត់ចេះដាំបន្លែឆ្លាស់គ្នា ដោយកាលពីមុនគាត់ដាំបន្លែដូចៗគ្នាទាំងអស់ ហើយលក់មិនដាច់ធ្វើឲ្យស្ទះនៅទីផ្សារ ក្រោយពីអង្គការជួយមកនឹងបានរៀបចំជាក្រុមបន្លែចម្រុះ(ដំណាំបង្វិល)ដែលធ្វើឲ្យការលក់ដូររបស់កសិករមានស្ថេរភាព ហើយសមាគមក៏បានជួយទិញបន្លែពីកសិករផងដែរ។

ចំណែកអ្នកស្រី ឈង់ ចំប៉ា អ្នកដាំបន្លែសុវត្ថភាពនៅក្របីរៀល បានលើកឡើងថា កាលពីមុនដែលមិនទាន់បានចូលក្នុងសមាគម អ្នកស្រីមានការពិបាកខ្លាំងក្នុងការរកទីផ្សារ ដោយឡែក បន្ទាប់ពីបានចូលក្នុងសមាគមដាំបន្លែសុវត្ថភាពមក គឺមានការងាយស្រួលជាខ្លាំង ព្រោះមិនភ័យព្រួយពីបញ្ហាទីផ្សារនោះឡើយ ដោយសារសមាគមគាត់ជួយរកទីផ្សារឲ្យ ទោះជាបន្លែប្រភេទណាក៏ដោយ ព្រមទាំងបង្រៀនពីរបៀបធ្វើជីកំប៉ុសផង ដើម្បីស្រោច ឬក៏ចាក់នៅគល់បន្លែ ឬក៏ដំណាំ ដើម្បីឲ្យវាលូតលាស់បានល្អ។

អ្នកស្រីបន្តថា បច្ចុប្បន្ននេះបន្លែដែលដាំមានដូចជា៖ ជីគ្រប់ប្រភេទ, ខ្ញី, ត្រឡាច, ឃ្លោក, ល្ពៅ, ននោង, ស្ពៃតឿ, ស្ពៃក្រញាញ់ និងសាឡាត់ជាដើម។

សូមបញ្ជាក់ថា អង្គការ AgriSud មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៥ ហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការបារាំងមួយនេះ បានផ្តោតសកម្មភាពរបស់ខ្លួននៅក្នុងខេត្តសៀមរាប ដោយបានធ្វើការជាមួយកសិករជិត២ពាន់គ្រួសារនៅក្នុងខេត្តសៀមរាប ក្នុងចំណោម៧៦០០គ្រួសារទូទាំង
ប្រទេសកម្ពុជា។

ចំពោះកម្មវិធីទស្សនកិច្ចនៅក្របីរៀលនេះ ក្នុងគោលបំណង ដើម្បីស្វែងយល់ពីតាំងដាំដុះបន្លែតាមបែបក្សេត្របរិស្ថាន និងទីតាំងផលិតភេសជ្ជៈ (ប្រទាលកន្ទុយក្រពើ ម្ជូរល្មម ព្នៅ) និងការកែច្នៃភេសជ្ជៈមានជាតិអាល់កុល (ស្រាព្រលឹងអង្ករ)ជាដើម៕