(ម៉ានីល)៖ យន្តហោះហ្វីលីពីនមួយគ្រឿង បានធ្វើការចុះចតជាបន្ទាន់ បន្ទាប់ពីទើបហោះចេញពី អាកាសយានដ្ឋានទីក្រុងម៉ានីល បានតែបន្តិចប៉ុណ្ណោះ ក្រោយពីបានប្រទះឃើញផ្សែងហុយចេញពី ម៉ាស៊ីនត្រជាក់ ដោយវាគ្រោងឆ្ពោះទៅកាន់ប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia នារសៀលថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលហ្វីលីពីនលោក Eric Apolonio បានប្រាប់ឲ្យដឹងថា «ជារឿងចាំបាច់ មួយ ដែលក្រោយពីពីឡុតទទួលព័ត៌មានថា នៅក្នុងបន្ទប់អ្នកដំណើរមានផ្សែងហុយនោះ ពីឡុតត្រូវតែ ធ្វើការបកត្រឡប់ក្រោយមកធ្វើការចុះចតវិញ ដើម្បីរក្សាសុវត្ថិភាពអ្នកដំណើរ»។ សម្រាប់កត្តា ដែលបានបង្កជាផ្សែងហ៊ុយនេះឡើង ក្រុមជំនាញកំពុងតែធ្វើការត្រួតពិនិត្យនៅឡើយ។
គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរ ដែលបានបង្កការព្រឺក្បាលមិនស្ទើរដែរ សម្រាប់អ្នកដំណើរទាំង ២២២នាក់នោះ គឺជាប្រភេទ Airbus A340-300 ដែលដឹកមនុស្សសរុប ២៣៥នាក់។ វាបានចេញ ដំណើរពីទីក្រុងម៉ានីល តែ ២០នាទីប៉ុណ្ណោះ ក៏បកត្រឡប់ក្រោយវិញ ហើយដែលគោលដៅរបស់វានោះ គឺគ្រោងឆ្ពោះទៅកាន់ព្រលានយន្តហោះ Haneda នៃទីក្រុងតូក្យូ របស់ជប៉ុន។ សម្រាប់អ្នកដំណើរទាំង អស់គឺត្រូវបានជម្លៀសចេញពីយន្តហោះ ដោយសុវត្ថិភាព និងត្រូវបានផ្ទេរទៅកាន់យន្តហោះផ្សេង៕